TNAOT News
· 04-09
«របាំត្រុដិ» ប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី
#NEW NEWS# #សង្គម# #របាំត្រុដិ# #ព័ត៌មានសង្គម#
1927

របាំត្រុដិ គឺជារបាំប្រជាប្រិយបុរាណខ្មែរមួយដែលប្រជាពលរដ្ឋតែងនិយមលេងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី និងឱកាសប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ 
របាំត្រុដិ ក៏មានរៀបរាប់នៅក្នុងព្រះរាជពិធីហៅថា «ត្រស្តិសង្ក្រាន»។ របាំត្រុដិមានតួសម្ដែងច្រើនគ្នា ដូចជា តួសត្វប្រើស ព្រានព្រៃ យក្ស ព្រាយស្រីក្រចកវែង សត្វក្ងោក សត្វទន្សោង ហែហមកំដរដោយក្រុមអ្នកវាយស្គរដៃ ក្រុមអ្នកបុកកញ្ជែះដែលមានចងចង្ក្រង់ នារីអ្នកកាន់ឈើក្បាច់ក្បាលនាគចងដោយថង់ក្រណាត់ និងបុរសអ្នកច្រៀងគោលដឹកនាំក្រុមរបាំ ហើយច្រៀងបន្ទរដោយក្រុមអ្នកសម្ដែងទាំងអស់គ្នាទៅតាមចង្វាក់ តាមវគ្គឃ្លានៃចម្រៀង ខណៈពាក្យពេចន៍ចម្រៀងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមក្រុមសម្ដែងនីមួយៗ។ យោងតាមឯកសាររបស់សម្ដេចព្រះវណ្ណរត្ន អ៉ីវ ទួត នៅខេត្តបាត់ដំបង ពាក្យពេចន៍ចម្រៀងនៃរបាំត្រុដិនេះចែកជា៤វគ្គ៖ ការមកដល់នៃរបាំ ការសុំទាននិងបច្ច័យ ការប្រមូលទាននិងបច្ច័យ និងការថ្លែងអំណរគុណនិងជូនពរដល់អ្នកផ្ដល់បច្ច័យ។
តាមឯកសារជាច្រើនបានអះអាងថា របាំត្រុដិនេះមានប្រភពដំបូងចេញពីជនជាតិដើមនៅតំបន់ភ្នំ ដូចជា ជនជាតិសម្រែ សួយ ព័រជាដើម ព្រមទាំងជនជាតិខ្មែរយើងនៅខេត្តស្រីស្លាកែត សុរិន្ទ្រ គោកខណ្ឌ ឧត្បលរាជធានី សៀមរាប ព្រះវិហារ កំពង់ធំ ពោធិ៍សាត់ បាត់ដំបងជាដើម។ ជនជាតិដើមហៅពាក្យ «ត្រុដិ» នេះ គឺសំដៅដល់ពេលដាច់ឆ្នាំចាស់ត្រាច់ផ្លាស់ចូលឆ្នាំថ្មី។
គេសម្ដែងរបាំត្រុដិនេះគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឬប្រារព្ធកិច្ចបណ្ដេញឧបទ្រពចង្រៃចេញពីគេហដ្ឋាន ឬការិយាល័យផ្សេងៗ ឬក្នុងពេលដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ គោលបំណងនៃការសម្ដែងរបាំនេះ គឺដូចទៅនឹងម៉ុងសាយរបស់ជនជាតិចិនដែរ។ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី គេប្រសិទ្ធពរជ័យសម្រាប់ឆ្នាំថ្មីដែលចូលមកដល់ដោយសេចក្តីសប្បាយរីករាយ។ ផ្ទុយទៅវិញ ការដែលមិនចូលរួមអបអរសាទរនូវរបាំនេះដោយប្រការណាមួយ អាចនាំមកនូវក្ដីទុក្ខសោកពុំខាន។ ម្យ៉ាងទៀត គេលេងរបាំត្រុដិនៅពេលដែលមានសត្វព្រៃដូចជាត្រកួត ប្រើស ឈ្លួស ពស់ចូលក្នុងភូមិ ដែលចាត់ទុកជាប្រផ្នូរមិនល្អ ទើបគេបណ្តេញឱ្យចេញពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃផងដែរ៕




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទិដ្ឋភាពតាមដងផ្លូវក្នុងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ចរាចរណ៍ហាក់មានការស្ងប់ស្ងាត់ នាព្រឹកថ្ងៃទី២ នៃពិធីបុណ្យចូលថ្មីប្រពៃជាតិខ្មែរ
ឆ្លងកាត់ចម្រៀងទំនុកភ្លេង៖ សំឡេងនៃដំណើរត្រឡប់ទៅវិញ
Lancang-Mekong Voices Youth Symphony Cambodian dance: Graceful Charm in Mist
អារ៉ាប៊ីសាអូឌីត បញ្ជាក់ពីការវាយប្រហាររបស់អ៊ីរ៉ង់លើរោងចក្រថាមពលសំខាន់ៗរបស់ខ្លួនបានរំខានដល់ការផលិតប្រេង
យោបល់ទាំងអស់ (0)