TNAOT News

· 04-08

សម្ដេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតតួកគី ផុតអណត្តិបន្តជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគមកបណ្ដាក់ទុន

#សម្ដេចតេជោ ហ៊ុន សែន# #ឯកអគ្គរដ្ឋទូតតួកគី# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម#

1960

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរ និងជម្រាបលា បន្ទាប់ពីលោកជំទាវបានបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះលោកស្រី Ülkü Kocaefe បានរាយការណ៍នូវការងាររបស់លោកជំទាវនៅពេលកន្លង ជូនចំពោះសម្ដេចតេជោ ដោយលោកជំទាវបានលើកឡើងអំពីសមិទ្ធផលសំខាន់ៗក្នុងអាណត្តិរបស់លោកជំទាវសម្រាប់ការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគី នោះគឺសមិទ្ធផលមានដូចជានៅក្នុងអាណត្តិការងាររបស់លោកជំទាវបានបង្កើតនូវការិយាល័យតួកគីនៅកម្ពុជា និងសមិទ្ធផលដ៏សំខាន់ដែលទើបតែសម្រេចបាននៅចុងឆ្នាំ ២០២៥ នោះគឺការបង្កើតនូវជើងហោះហើរតួកគីមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកដ៏សំខាន់ក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជានិងតួកគីឱ្យកាន់តែរីកចម្រើនទាំងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្មនិងផ្សារភ្ជាប់រវាងប្រជាជននិងប្រជាជន។

លោកស្រីបាន បានលើកឡើងថា បើទោះបីជាពេលនេះលោកស្រីផុតអាណត្តិការងារឈប់ធ្វើជាឯករដ្ឋទូតប្រចាំនៅប្រទេសកម្ពុជាក៏ពិតមែន ក៏ប៉ុន្តែលោកស្រីនៅតែជាមិត្តរបស់កម្ពុជាអស់មួយជីវិត នេះជាសារដែលបង្ហាញពីការពេញចិត្តចំពោះប្រទេសកម្ពុជាពីសំណាក់ឯកអគ្គរដ្ឋទូត។

សម្ដេចតេជោបានសម្ដែងនូវក្តីពេញចិត្តយ៉ាងក្រៃលែងចំពោះពាក្យពេចន៍ដ៏មានអត្ថន័យរបស់លោកស្រី ឯកអគ្គរដ្ឋទូត ចំពោះការពេញចិត្តប្រជាជនកម្ពុជាក៏ដូចជាជាប្រទេសកម្ពុជា។ សម្ដេចក៏បានលើកឡើងដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងឋានៈជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដែលកន្លងមកលោកជំទាវបានខិតខំប្រឹងប្រែងខ្លាំងណាស់នៅក្នុងការពង្រីកនូវទំនាក់ទំនង រវាងកម្ពុជានិងតួកគី។ សម្ដេចក៏សរសើរតាមរយៈដែលលោកជំទាវបានខិតខំបង្កើតឱ្យមានការិយាល័យពាណិជ្ជកម្មវប្បធម៌ និងជើងហោះហើរពីតួកគី ដែលជាចរន្តនៃការគាំទ្រដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងតួកគីឱ្យកាន់តែល្អប្រសើរ។

សម្ដេចតេជោក៏បានផ្ដាំផ្ញើបន្ថែមដល់លោកលោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគី ទោះបីជាបានត្រឡប់ទៅវិញក៏ពិតមែនតែសូមធ្វើបន្តធ្វើជាឯកអគ្គរដ្ឋទូតរបស់កម្ពុជានៅក្នុងប្រទេសតួកគីមានន័យថា ជួយផ្សព្វផ្សាយពីកម្ពុជាដល់អ្នកវិនិយោគតួកគីដើម្បីមកវិនិយោគ និងមកទស្សនាប្រទេសកម្ពុជា៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)