TNAOT News
· 04-08
ជនបរទេស ៣៩៨នាក់ ត្រូវឃាត់ខ្លួនក្នុងប្រតិបត្តិការបោសសម្អាតបទល្មើសអនឡាញ
#ខេត្តបន្ទាយមានជ័យ# #NEW NEWS# #សង្គម# #បទល្មើសអនឡាញ# #ព័ត៌មានសង្គម# #ភ្នំពេញ# #ជនបរទេស#
2129
ទីតាំងពាក់ព័ន្ធបទល្មើសអនឡាញស្កេម ៤កន្លែងទៀត ក្នុងរាជធានី ខេត្តចំនួន៣ រួមមានភ្នំពេញ បន្ទាយមានជ័យ និងកែប ត្រូវបានសមត្ថកិច្ចសហការស្រាវជ្រាវ និងបង្ក្រាបបាន ចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២៦។
នៅរាជធានីភ្នំពេញ មាន២ករណី ក្នុងនោះ ករណីទី១នៅថ្ងៃទី៦ ខែមេសា សមត្ថកិច្ចបានចុះឆែកឆេរ ខុនដូភ្នំពេញកាឡាក់ស៊ីហ្គាដេន ក្នុងខណ្ឌសែនសុខ រកឃើញជនបរទេស២១៨នាក់ ដកហូតកុំព្យូទ័រ All In One ១៣៣គ្រឿង កុំព្យូទ័រយួរដៃ៤៤ គ្រឿង ទូរសព្ទដៃ៣៩២គ្រឿង អេក្រង់(monitor)១៦គ្រឿង CPU១៥គ្រឿង Tablet៥គ្រឿង មួកនគរបាលជប៉ុន២ អាវនគរបាលជប៉ុន៥ និងកាតនគរបាលជប៉ុន៤សន្លឹក។
យោងតាមការធ្វើកោសល្យវិច័យលើសម្ភារៈវត្ថុតាងឧបករណ៍អេឡិចត្រូនិក សមត្ថកិច្ចបានសន្និដ្ឋានថាទីតាំងខាងលើជាប់ពាក់ព័ន្ធអំពើ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពក្លែងបន្លំជានគរបាលប្រទេសជប៉ុន គោលដៅជនជាតិជប៉ុន ឆបោកក្រោមរូបភាពលួងលោមស្នេហា (ROMANCE SCAMS) និងឆបោកក្រោមរូបភាពវិនិយោគ គោលដៅប្រទេសប៉ាគីស្ថាន បង់ក្លាដេស និង វៀតណាម។ ដោយទទួលបានគោលការណ៍ណែនាំពី លោក ជា សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនបរទេសចំនួន ២១៨នាក់ រួមនិងសម្ភារៈវត្ថុតាង ត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។
ចំណែកករណីទី២ នៅថ្ងៃទី៦ ខែមេសាដដែល គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានចុះទៅទីតាំង បុរីហ្គោឌែនឃី ផ្ទះលេខ A01 A02 និងC09 ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនបរទេស២៧នាក់ ដកហូតវត្ថុតាងរួមមានកុំព្យូទ័រយួរដៃ២២គ្រឿង ទូរសព្ទដៃ២២៧គ្រឿង CPU៣គ្រឿង និង Monitor ១៩គ្រឿង។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ឈានចូលព្រឹកថ្ងៃទី៧ ខែមេសា កម្លាំងសមត្ថកិច្ច ស្នងការដ្ឋាននគរបាលខេត្តកែប បានចុះបង្រ្កាបជាក់ស្តែង នៅផ្ទះជួលមួយកន្លែងឈ្មោះ ហាន់ ហឿន ស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធបទល្មើស Online Scams និងបានឃាត់ខ្លួនជនបរទេសសរុប១៤នាក់។ កម្លាំងជំនាញបានឃាត់ខ្លួនជនបរទេស សង្ស័យ រួមទាំងវត្ថុតាងពាក់ព័ន្ធបទល្មើស Online Scams បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីសាកសួរបំភ្លឺ និងធ្វើនីតិវិធីបន្ត។
នៅខេត្តបន្ទាយមានជ័យឯណោះវិញ នាថ្ងៃទី៧ ខែមេសាដដែល សមត្ថកិច្ចបានចុះបង្រ្កាបជាក់ស្តែងនៅចំណុចកាស៊ីណូ អ័រគីដេ និងសណ្ឋាគារ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់៤ជាន់ និងមានបន្ទប់សរុបចំនួន៥២ ក្នុងនោះ ជាន់ទី១ ពិនិត្យឃើញមាន កុំព្យូទ័រ និងទូរសព្ទដៃ ព្រមទាំងឧបករណ៍សម្ភារៈមួយចំនួនសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈ៣ជាន់ទៀតជាបន្ទប់សម្រាប់ស្នាក់នៅ ដោយសមត្ថកិច្ចបានរកឃើញនិងឃាត់ខ្លួនជនបរទេស១៣៩នាក់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ករណីកាប់យុវជនម្នាក់បណ្ដាលឲ្យដាច់កដៃ និងស្រាំលលាដ៏ក្បាល ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់
ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលសង្ក្រាន្តនៅប្រទេសថៃកើនឡើងដល់ជាង ១៥០នាក់ក្នុងរយៈពេល៤ថ្ងៃ
[ភាគទី 30] មហោស្រពល្ខោនភាគនិរតី៖ ក្រុមល្ខោនដ៏អស្ចារ្យរបស់ប្រទេសចិន
ពងទាស្ងោរ ចំនួន១ម៉ឺនគ្រាប់ ត្រៀមចែកជូនដល់ប្រជាពលរដ្ឋមកកម្សាន្តសង្រ្កាន្តអូររាំងឪថ្ងៃទី២
យោបល់ទាំងអស់ (0)