Cambo-China

· 03-28

កម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦» ត្រូវបានរៀបចំដោយជោគជ័យ

#កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

1035

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមជាគណៈអធិបតីក្នុងកម្មវិធី «រត់កម្សាន្តអបអរសាទរទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦» ដែលរួមមានការតាំងពិព័រណ៍រូបថតដើម្បីអបអរសាទរខួបលើកទី១០ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង តាមដងទន្លេមេគង្គនៃទីក្រុងនរា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី lលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ឯកអគ្គរដ្ឋទូត និងតំណាងនៃស្ថានទូតប្រទេសមេគង្គ-ឡានឆាង តំណាងក្រសួង-ស្ថាប័ន និងសាធារណជន សរុបប្រមាណ ៦០០នាក់។

ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទន្លេមេគង្គ ជានិមិត្តរូបដ៏រស់រវើក នៃមិត្តភាព កិច្ចសហប្រតិបត្តិការភាពធន់ និងការតភ្ជាប់រវាងបណ្តាប្រទេសនៅតាមបណ្តោយអាងទន្លេមេគង្គ ដែលមានទំនួលខុសត្រូវរួមគ្នាដើម្បីការពារ គ្រប់គ្រង និងថែរក្សាធនធានដ៏មានតម្លៃនេះសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំពុងឆ្ពោះទៅរកទស្សវត្សរ៍មាសថ្មីមួយទៀត ក្រោមមូលបទ «ការកសាងសហគមន៍មេគង្គ-ឡានឆាងរួមគ្នាជំនាន់ ២.០» ដែលផ្តោតលើការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការពង្រឹងបន្ថែមលើការគ្រប់គ្រងធនធានទឹកប្រកបដោយ ចីរភាព ពង្រីកការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍបៃតង និងបរិវត្តកម្មឌីជីថល ក៏ដូចជាការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ទន្ទឹមនោះ លោក វ៉ាង វិនពីន បានអបអរសាទរយ៉ាងកក់ក្តៅចំពោះ "ការរត់កម្សាន្តឡានឆាង-មេគង្គ" ដែលត្រូវបានរៀបចំដោយជោគជ័យ។ លោកលើកឡើងងថា៖«ថ្ងៃនេះ មនុស្សគ្រប់គ្នារត់ដើម្បីសប្បុរសធម៌ ក៏រត់ដើម្បីសន្តិភាព រត់ដើម្បីមិត្តភាព រត់ដើម្បីកិច្ចសហប្រតិបត្តិការផងដែរ។ សូមជូនពរប្រជាជននៃប្រទេសទាំងប្រាំមួយនៃទន្លេឡានឆាង-មេគង្គរួបរួមគ្នាយ៉ាងជិតស្និទ្ធ និងចាប់ដៃជាមួយគ្នាដើម្បីបង្កើតអនាគតដ៏សន្តិភាព និងសុខសាន្តសម្រាប់តំបន់ទន្លេឡានឆាង-មេគង្គ»។

គួរឱ្យដឹងដែរថា កម្មវិធីនេះក៏បានទទួលថវិកាសប្បុរសធម៌សរុបចំនួន ១១,៥៥៥ ដុល្លារអាម៉េរិក សម្រាប់បរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ការថែទាំសុខភាពកុមារ ផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស