TNAOT News

· 01-19

អាជ្ញាធររាជធានីភ្នំពេញ រៀបចំសំអាតជួសជុល និងកែលម្អជុំវិញផ្សារដើមគចាស់ឡើងវិញ បន្ទាប់បញ្ឈប់អាជីវករមិនឱ្យលក់បន្តទៀត

#ផ្សារដើមគចាស់# #NEW NEWS# #សង្គម# #អាជ្ញាធររាជធានីភ្នំពេញ# #ព័ត៌មានសង្គម#

2219

អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ សំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគចាស់ភ្លាមៗ បន្ទាប់ពីអាជ្ញាធរបញ្ឈប់មិនឱ្យលក់តទៅទៀត ដោយតម្រូវឱ្យអាជីវករទាំងអស់ ប្ដូរទីតាំងថ្មីទៅលក់នៅផ្សារដើមគថ្មី ខណ្ឌព្រែកព្នៅ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអាណាធិបតេយ្យដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។ នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យទី១៨ ខែមករា ឆ្នាំ២០២៦។

បន្ថែមលើនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី អ្នកនាំពាក្យ បានអំពាវនាវដោយទទូច ឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគរ ដែលនៅមិនទាន់ទទួលយក នូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀប ចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អរ សោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាត ឱ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលើដងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ ជុំវិញផ្សារដើមគទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)