TNAOT News
· 01-10
មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញារៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ ជម្រុញភ្ញៀវទេសចរអន្តរជាតិ
#ភ្ញៀវទេសចរ# #ប្រទេសកម្ពុជា# #មន្ទីរទេសចរណ៍# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #រាជធានី#
2182
មន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ ប្តេជ្ញាចូលរួមជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងឆ្នាំ២០២៦ ឱ្យកាន់តែផុលផុស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសការបង្កើនសមត្ថភាព និងជំនាញវិជ្ជាជីវៈរបស់មន្ត្រី ដើម្បីលើកកម្ពស់គុណភាពសេវាទេសចរណ៍ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង លើកទិសដៅការងារឆ្នាំ២០២៦ ដែលរៀបចំពីថ្ងៃទី៣ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងនឹងដាក់ចេញចលនាប្រឡងប្រណាំង រវាងមន្ទីរ រវាងអគ្គនាយកដ្ឋាន និងរវាងនាយកដ្ឋានក្រោមឱវាទរបស់ក្រសួងទេសចរណ៍ផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ត្រូវចូលរួមលើកកម្ពស់ និងអភិវឌ្ឍគោលដៅទេសចរណ៍នៅតាមមូលដ្ឋានរបស់ខ្លួន តាមរយៈការកែលម្អតំបន់ទេសចរណ៍ បរិស្ថាន សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ពោលគឺអភិវឌ្ឍគោលដៅទេសចរណ៍ថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងអត្តសញ្ញាណទេសចរណ៍នៅតាមមូលដ្ឋានរៀងខ្លួនៗ ប្រកបទៅដោយចីរភាព និងការប្រកួតប្រជែង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់មន្ទីរទេសចរណ៍រាជធានី ខេត្តទាំងអស់ ត្រូវតែជំរុញ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមបណ្តាញសង្គម និងតាមមធ្យោបាយផ្សេងៗឱ្យកាន់តែសកម្មបន្ថែមទៀត ជាពិសេសគឺការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ប្លែក និងទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យអញ្ជើញចូលទស្សនាខេត្តនីមួយៗកាន់តែច្រើនកុះករផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)