Cambo-China

· 10-23

កម្ពុជា-ចិន ពិភាក្សាជម្រុញការវិនិយោគលើវិស័យផលិតចំណីសត្វនៅខេត្តកំពង់ធំ

#ចំណីសត្វ# #ប្រទេសកម្ពុជា# #កម្ពុជា-ចិន# #ខេត្តកំពង់ធំ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2111

តំណាងកម្ពុជា និងនាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd បានជួបពិភាក្សា ដើម្បីជំរុញការវិនិយោគលើវិស័យផលិតចំណីសត្វ ដែលជាផ្នែកយ៉ាងសំខាន់នៃខ្សែច្រវាក់ផលិតកម្មចំណីអាហារក្នុងខេត្តកំពង់ធំ ក្នុងគោលដៅទាក់ទាញវិនិយោគិន លើកកម្ពស់ផលិតភាពនិងគុណភាពផលិតផលចំណីអាហារ និងជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋ និងពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខេត្ត។

នេះបើតាមអត្ថន័យក្នុងជំនួបពិភាក្សារវាង ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក Chen Hai Hua នាយកគ្រប់គ្រងពាណិជ្ជកម្មក្រៅប្រទេសនៃក្រុមហ៊ុន New Hope Liuhe Co. Ltd។

គួរបញ្ជាក់ថា ក្រុមហ៊ុន New Hope Liuhe Co. Ltd គឺជាក្រុមហ៊ុនផលិតចំណីសត្វដ៏ធំមួយមកពីប្រទេសចិន ហើយក៏ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនផលិតចំណីអាហាររួមមានសាច់ ស៊ុត និងទឹកដោះគោធំជាងគេក្នុងប្រទេសចិនផងដែរ។ ក្រុមហ៊ុននេះក៏មានការទទួលស្គាល់ជាអន្តរជាតិ ដោយមានអាជីវកម្មសរុបចំនួនប្រមាណ ៦០០ទីតាំង នៅក្នុងប្រទេសចំនួន ៣៤ផ្សេងទៀត ទាំងនៅក្នុងទ្វីបអាស៊ី ទ្វីបអ៊ឺរ៉ុប ទ្វីបអាហ្វ្រិក និង ទ្វីបអាម៉េរិក ហើយក្រុមហ៊ុននេះផលិតចំណីសត្វរហូតដល់ទៅប្រមាណ ២.៨៤៨លានតោនក្នុងមួយឆ្នាំ។

បច្ចុប្បន្ន ក្រុមហ៊ុននេះមានបុគ្គលិកទូទាំងពិភពលោករហូតដល់ទៅប្រមាណ ១០ម៉ឺននាក់ ដែលក្នុងនោះ ៩៤%គឺជាប្រជាជននៅតាមមូលដ្ឋាន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់អំពីបច្ចេកទេស និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការផលិតចំណីសត្វ។ ជាជំហានដំបូងសម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន New Hope Liuhe Co. Ltd មានគោលដៅផលិតចំណីសត្វរហូតដល់ទៅប្រមាណ ១០លានតោនក្នុងមួយឆ្នាំ ហើយនឹងដាក់ទុនវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់ ដែលនឹងបង្កើតជាឱកាសការងារជូនប្រជាជន និងលើកកម្ពស់វិស័យចិញ្ចឹមសត្វ និងផលិតចំណីអាហារក្នុងខេត្តកំពង់ធំផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស