
TNAOT News
· 07-05
កសិករ និងម្ចាស់អាជីវកម្ម អះអាងថា ការបិទការនាំចូលកសិផលពីបរទេស មិនប៉ះពាល់ដល់ការដាំដុះនិងផ្គត់ផ្គង់កសិផលនៅក្នុងស្រុកទេ
#កសិករ# #ក្រសួងកសិកម្ម# #NEW NEWS# #សង្គម# #ព័ត៌មានសង្គម# #ម្ចាស់អាជីវកម្ម# #កសិផល#
2476
ម្ចាស់អាជីវកម្ម និងកសិករក្នុងស្រុកលើកឡើងថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ គឺជាឱកាសសម្រាប់កសិករ និងអ្នកស្រលាញ់វិស័យកសិកម្ម អាចពង្រឹងការដាំដុះកសិផលរបស់ពួកគេ ហើយអាចនឹងងាយលក់ផលិតផលកសិកម្មបន្លែ ផ្លែឈើ និង ត្រី សាច់របស់ពួកគេ កាន់តែងាយស្រួលជាងមុន។ លោក សូ វុទ្ធី តំណាងស្ថាបនិក ទុរេននាគខៀវបឹងកេត បានប្រាប់សារព័ត៌មាន Tnaot News កាលពីពេលថ្មីៗនេះថា លោក ពិតជាគាំទ្រការសម្រេចចិត្តរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានបិទការនាំចូលកសិផលពីក្រៅប្រទេស ឬប្រទេសជិតខាង ហើយលោកគិតថានេះ គឺជាឱកាសល្អសម្រាប់អោយកសិករកម្ពុជា ពង្រឹងសមត្ថភាពទៅលើការដាំដុះដំណាំកសិផលរបស់ពួកគេ ផ្គត់ផ្គង់លក់នៅលើទីផ្សារ។
តំណាងស្ថាបនិក ទុរេននាគខៀវបឹងកេតរូបនេះ បានបន្ថែមថាសម្រាប់ចំការទុរេននាគខៀវបឹងកេត បើទោះបីជាបិទមិនឱ្យមានការនាំចូលទុរេនពីប្រទេសជិតខាង តែលោកនៅតែអះអាងថា ទុរេននាគខៀវបឹងកេត នៅតែអាចផ្គត់ផ្គង់ទុរេនទៅដល់អតិថិជនបានគ្រប់មជ្ឈដ្ឋាន ខណៈនៅឆ្នាំ២០២៦-២០២៧ខាងមុខនេះ ក្រុមហ៊ុនទុរេននាគខៀវបឹងកេត គ្រោងនឹងពង្រីកផ្ទៃដីដាំដុះជាង២០០ហិកតាបន្ថែមទៀត។
លោក បូ សុភ័ក្រ្ត កសិករដាំដំណាំម្ទេស រស់នៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានលើកឡើងថា លោកបានដំណាំម្ទេសនេះ រយៈពេលជាង៥ឆ្នាំមកហើយនៅលើផ្ទៃដីប្រមាណជិត១ហិកតា ខណៈលោកសម្លឹងមើលឃើញថា មុខរបរដាំដំណាំម្ទេស គឺងាយស្រួលដាំដុះ និងកំពុងមានទីផ្សារខ្លាំងពីអតិថិជន។
កសិករមានដើមកំណើតខេត្តបាត់ដំបងរូបនេះ បានបន្ថែមថា ការបិទច្រកព្រំដែនកម្ពុជា-ថៃ គឺមិនមានផលប៉ះពាល់ដល់ការដាំដុះ និងផ្គត់ផ្គង់កសិផលក្នុងស្រុកនោះទេ ផ្ទុយទៅវិញ វាគឺជាឱកាសសម្រាប់កសិករងាយស្រួលរកទីផ្សារលក់ផលិតរបស់ពួកគេទៅវិញ។ គួររំលឹកថា កម្ពុជាបានសម្រេចបិទច្រកព្រំដែន ហាមឃាត់ការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ នៅគ្រប់ច្រកព្រំដែនទាំងអស់កាលពីថ្ងៃទី១៧ ខែមិថុនា ទោះបីមានការបិទការនាំចូលបន្លែ ផ្លែឈើពីប្រទេសថៃ ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ អះអាងបញ្ជាក់ថា កម្ពុជាមានសមត្ថភាពផលិតគ្រប់គ្រាន់ ដើម្បីធានាដល់តម្រូវការសន្តិសុខស្បៀង ហើយរាល់ការនាំចូលបន្លែ ផ្លែឈើ និងធាតុចូលកសិកម្មដទៃទៀត សុទ្ធតែអាចជំនួសបានទាំងស្រុង ដោយផលិតកម្មក្នុងស្រុក និងប្រភពនាំចូលដទៃទៀតបាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)