TNAOT News

· 07-05

ឯកឧត្តម ខូវ ឆាយ ស្នើឱ្យអ្នករៀបចំកម្មវិធីប្រដាល់គុនខ្មែរនៅតាមស្ថានីយ៍ទូរទស្សន៍ ផ្ដល់ឱកាសឱ្យយុវជនថ្នាលបានបញ្ចេញសមត្ថភាព

#TNAOT SPORT# #កីឡា# #ប្រដាល់ខ្មែរ# #ប្រដាល់គុនខ្មែរ#

1832


នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា បានធ្វើសន្និសិទ្ធសារព័ត៌មាន ស្តីពីការប្រកួត សង្វៀន វី-អាកទីវគុនខ្មែរ ដ៏ថ្មីស្រឡាងមួយថែមទៀត ដើម្បីបណ្តុះធនធានកីឡាករ ទាំងឈុតធំ និងថ្នាល ពិសេស ការផ្តល់ឱកាសដល់យុវជនថ្នាលប្រដាល់គុនខ្មែរតាមបណ្តាខេត្ត មានឱកាសមកប្រកួតក្នុងការបង្កើនសមត្ថភាពឆ្ពោះទៅថ្ងៃអនាគត។

ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ថ្លែងឱ្យដឹងនៅក្នុងពិធីសន្និសិទ្ធសារព័ត៌មានសង្វៀន វី-អាកទីវ គុនខ្មែរ បានលើកឡើងថា កម្មវិធីនេះ គឺជាឱកាសដ៏ពិសេសមួយសម្រាប់កីឡាការនី និងយុវជនថ្នាល បានអភិវឌ្ឍសមត្ថភាព បច្ចេកទេស និងបទពិសោធន៍នានាឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅប្រទេសថៃ។

ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍថ្នាលគុនខ្មែរ គឺជាការកសាងអនាគតអ្នកស្នងមរតកគុនខ្មែរ ខណៈបច្ចុប្បន្នមានកីឡាករ កីឡាការនីគុនខ្មែរមួយចំនួន បានលាឈប់ពីអាជីពឈឺសាច់មួយនេះ ដែលនេះបញ្ជាក់ថា ការដុសខាត់សមត្ថភាពកីឡាករថ្នាល គឺជាអទិភាពដ៏ចាំបាច់។

ឯកឧត្តមខូវ ឆាយ បានលើកឡើងយ៉ាងដូច្នេះថា៖ “ យើងមើលឃើញថាវិស័យគុនខ្មែរពីមួយជំនាន់ទៅមួយជំនាន់ ធ្វើឱ្យសង្វៀនប្រដាល់គុនខ្មែរមានការកើនឡើងច្រើន ហើយពេលខ្លះយើងមើលឃើញមានភាពខ្វះខាត នូវកម្រិតកីឡាករដែលមានសមត្ថភាពខ្ពស់ ហេតុដូច្នេះដើម្បីផ្គត់ផ្គង់ទៅលើទីផ្សារបាន យើងត្រូវតែជម្រុញការរៀបចំកម្មវិធីថ្នាលឱ្យបានច្រើន ជាពិសេសពង្រីកវិសាលភាពផ្សព្វផ្សាយគុនខ្មែរទៅក្រៅប្រទេស” ។

យ៉ាងណាមិញ លើកនេះសង្វៀន វី-អាកទីវ គុនខ្មែរ គឺលេងមួយទំហឹងតែម្តង ដោយបានបង្ហាញនូវវត្តមានតោរោមមាស លន បញ្ញា គ្រហឹមស្រែកឃ្លានជ័យជម្នះ ចង់ឈ្នះគូប្រកួតដែលមកពីប្រទេសប្រេស៊ីល កាយ គី នេះជាគូប្រកួតមួយដែលទស្សនិកមិនអាចទៅណាឆ្ងាយពីសង្វៀនមួយនេះ។ សម្រាប់កីឡាករ ធន់ ក្របី ក៏មិនបន្ធូដៃដល់កីឡាករមកពីប្រទេសម៉ារ៉ុក សាការីយ៉ា រ៉ូអ៊ីហ្គា តេ គឺត្រូវការឈ្នះដូចគ្នា។

មិនត្រឹមតែគូ លន បញ្ញា និង ធន់ ក្របី នោះទេ កម្មវិធីសង្វៀន វី-អាកទីវ គុនខ្មែរ នូវមានគូពិសេសជាច្រើនទៀតត្រៀមជួបគ្នា កីឡាករម្នាក់ៗកំពុងតែសម្លឹងទៅរកភាពជោគជ័យរបស់ខ្លួន មានតែចាំអ៊ុតមើលជាមួយគ្នាថា កីឡាកររូបណាជាជើងខ្លាំងក្នុងសប្តាហ៍នេះ។ សម្រាប់គូប្រកួតសប្តាហ៍នេះមានដូចជា៖

-កីឡាករ លន បញ្ញា ត្រូវប៉ះជាមួយកីឡាករមកពីប្រេស៊ីល កាយ គី

-កីឡាករ ធន់ ក្របី ត្រូវជួបកីឡាករមកពីម៉ារ៉ុក សាការីយ៉ា រ៉ូអ៊ីហ្គា តេ

-កីឡាករ ថេន ម៉េងហ៊ាង ត្រូវជួបកីឡាករ ធន់ ជ័យ

-គូដណ្តើមពានរង្វាន់សង្វៀន វី-អាកទីវ គុនខ្មែរ សប្តាហ៍នេះរួមមាន៖ កីឡាករ ស៊ូនដារឹម ប្រាកាស, កីឡាករ ថេន អាទិត្យ, កីឡាករ មាស ពិត និងកីឡាករ ធន់ ចាន់រី ។

តោះជួបគ្នានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាតីល្ងាច ទីតាំងប្រកួត: អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា TVK, ផេកផ្លូវការ V-ACTIVE, ផេកផ្លូវការ Krud Energy និង Krud Kun Khmer៕ គាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស