TNAOT News

· 07-05

ក្រសួងវប្បធម៌ បដិសេធចំពោះការលើកឡើងរបស់លោកស្រី Paetongtarn អះអាងថាប្រាសាទតាមាន់ស្ថិតក្នុងអំណាចអធិបតេយ្យថៃ

#ប្រទេសថៃ# #ក្រសួងវប្បធម៌# #NEW NEWS# #សង្គម# #លោកស្រី Paetongtarn# #ព័ត៌មានសង្គម# #ប្រាសាទតាមាន់#

2669

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែល បានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរព និងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យបានច្បាស់ថា ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវឱ្យក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ គោរពនូវគោលការណ៍អន្តរជាតិដែលមានជាធរមាន ដើម្បីរក្សាបានភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័នវប្បធម៌នៃប្រទេសនីមួយៗត្រូវប្រកាន់ខ្ជាប់៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)