
TNAOT News
· 06-23
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥
#ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #ប្រទេសថៃ# #ប៉ែន បូណា# #សង្គម# #ព័ត៌មានសង្គម#
3116
១. កម្ពុជា កំពុងពិចារណាបិទច្រកព្រំដែនអានសេះជាមួយថៃជារៀងរហូតតែម្តង
កម្ពុជា កំពុងតែពិចារណាបិទច្រកព្រំដែនអានសេះជាមួយថៃជាអចិន្ត្រៃយ៍តែម្តង បន្ទាប់ពីធ្វើការបិទផ្អាកព្រំដែនចំនួនពីរនៅក្នុងខេត្តឧត្តរមានជ័យកន្លងមកនេះ ហើយភាគីថៃបានធ្វើការបើកច្រកព្រំដែនអានសេះមួយអាទិត្យបើក១ថ្ងៃ ហើយបើកតែ៣ម៉ោងតែប៉ុណ្ណោះ។ នេះបើតាមការថ្លែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងក្នុងបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។
២. កម្ពុជា បដិសេធយ៉ាងម៉ឺងម៉ាត់ក្រោយថៃចោទថាជាជម្រកបណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោក
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ បានចោទប្រកាន់ថាកម្ពុជាអាចជាជម្រក "បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច" ដែលមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ បង្កើតការភាន់ច្រឡំយ៉ាងខ្លាំង និងឈានទៅបំផ្លិចបំផ្លាញទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។
៣. អ្នកនាំពាក្យរដ្ឋាភិបាល បញ្ជាក់ថាថៃស្ថិតក្នុងស្ថានភាពជ្រុលក្បាលក្រពើ ព្រោះតែអំនួតចង់បកក្រោយរឹតតែពិបាក
ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនតាំងពីចុងខែឧសភាមក ប្រទេសថៃដែលកងទ័ពមានអំណាចជាងនាយករដ្ឋមន្ត្រី តែងតែប្រើវិធីគំរាមនិងដាក់សម្ពាធមកលើកម្ពុជាជានិច្ច។ ដំបូងឡើយកងទ័ពថៃបានសម្រេចបិទព្រំដែនជាឯកតោភាគី បន្ទាប់មកគំរាមផ្តាច់អគ្គិសនី ផ្តាច់អ៊ិនធឺណិត ផ្តាច់ការនាំចូលទំនិញ និងចុងក្រោយនេះ គេបានគំរាមឈប់នាំប្រេងឥន្ធនៈមកកម្ពុជាក្រោមអំនួតថា កម្ពុជានឹងវេទនាដោយសារពួកគេ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើបណ្តាញសង្គម។
៤. ការវាយឆ្មក់ជាថ្មីរបស់រុស្ស៊ីលើទីក្រុងគៀវ បានសម្លាប់មនុស្ស ៦នាក់ និងរបួស ១៩នាក់
ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចមួយយប់របស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងតិច ៦នាក់ និងរបួស ១៩នាក់ នៅក្នុងរដ្ឋធានីគៀវ នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ នេះ។ នេះបើតាមយោងតាមការលើកឡើងរបស់ លោក Vitali Klitschko អភិបាលក្រុងគៀវ។
៥. រមណីយដ្ឋានក្បាលឆាយត្រូវផ្អាកឲ្យចូលកម្សាន្តជាបណ្តោះអាសន្នដោយសារភ្លៀងនៅតែបន្តធ្លាក់ហូរច្រោះដាច់ផ្លូវ
រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងពីការផ្អាកជាបណ្តោះអាសន្នឲ្យចូលលេងកម្សាន្តរមណីយដ្ឋានក្បាលឆាយ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ក្នុងកម្រិតទឹកខ្ពស់ និងបានហូរច្រោះដាច់ផ្លូវ។
៦. អ្នកគាំទ្រមានមោទនភាពខ្លាំង ក្រោយទស្សនាការសម្ដែងដ៏អស្ចារ្យ ទេព បូព្រឹក្ស បង្ហាញពីសិល្បៈវប្បធម៌ខ្មែរលើឆាកអន្តរជាតិ
តារាចម្រៀងឯករាជ្យ អ្នកនាង ទេព បូព្រឹក្ស បានធ្វើឲ្យបណ្ដាអ្នកគាំទ្រពេញចិត្ត និងលាន់មាត់សរសើរគ្រប់គ្នា ក្រោយពីពួកគេបានទស្សនាការសម្ដែងដ៏អស្ចារ្យរបស់តារាចម្រៀងរូបនេះនៅលើឆាកអន្តរជាតិ នៅឯប្រទេសម៉ាឡេស៊ី ក្នុងកម្មវិធីដ៏ធំ «2025 ROUND Festival» ដោយតារាចម្រៀងម្ចាស់បទ«ទេវរាជ»រូបនេះ បាននាំយកនៅទស្សនីយភាពដ៏អស្ចារ្យជាច្រើនសុទ្ធសឹងតែបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ពិភពលោកឲ្យស្គាល់កាន់តែច្បាស់។
៧. ក្រុមហ៊ុន OR បញ្ជាក់ថា ករណីកម្ពុជាផ្អាកនាំចូលប្រេងឥន្ធនៈនឹងមិនប៉ះពាល់ដល់ចំណូលរបស់ OR ខ្លាំងនោះទេ
ក្រុមហ៊ុន OR (PTT Oil and Retail) ដែលជាក្រុមហ៊ុននាំចេញប្រេងមកកម្ពុជា បានបញ្ជាក់ថា ករណីកម្ពុជាផ្អាកនាំចូលប្រេងឥន្ធនៈនឹងមិនប៉ះពាល់ដល់ចំណូលរបស់ OR ខ្លាំងនោះទេ ព្រោះមានស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៨៦ នៅទូទាំងប្រទេសកម្ពុជា និង ២៥៤ ហាង Café Amazon រួមបញ្ចូលគ្នា បើធៀបនឹងស្ថានីយ៍ OR ជាង ២,០០០ នៅក្នុងប្រទេសថៃ។
៨. សម្តេចធិបតីប្រកាសឲ្យផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីថៃ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ចាប់ពីម៉ោង ១២យប់នេះចូលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។
៩. ត្រៀមអាវភ្លៀង! កម្ពុជា អាចមានភ្លៀងធ្លាក់លាយឡំ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសស្ដីពីការព្យាករធាតុអាកាសប្រចាំសបា្ដហ៍ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យដឹងថា សម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថ អាងទន្លេមេគង្គ និងលើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។
១០. ករណីអគ្គិភ័យឆាបឆេះផ្ទះលក់កន្ត្រក-កញ្ច្រែងផ្ដៅ និងតូបកាហ្វេ DOMO CAFEE នៅភូមិព្រះដាក់
ករណីអគ្គិភ័យឆាបឆេះផ្ទះលក់កន្ត្រក-កញ្ច្រែងផ្ដៅ និងតូបកាហ្វេ DOMO CAFEE នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប វេលាម៉ោង១២ និង ៣០នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
អ្នកគាំទ្រសោកស្ដាយក្រុមអ្នកផលិតមាតិកា VEESA ប្រកាសបិទរំសាយ ក្រោយបង្កើតបានជាង ៥ឆ្នាំ
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
យោបល់ទាំងអស់ (0)