TNAOT News

· 05-13

កម្ពុជារៀបចំសេចក្ដីព្រាងច្បាប់ជលផលថ្មី ផ្តោតលើការអភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព

#NEW NEWS# #ធនធានជលផល# #សង្គម# #ព័ត៌មានសង្គម# #ឯកឧត្តម ឌិត ទីណា#

3067

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននបង្កើតសេចក្ដីព្រាងច្បាប់ជលផលថ្មីដើម្បីអភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព ព្រមទាំងការពារផលប្រយោជន៍ប្រជានេសាទ។ 

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបប្រជុំជាមួយគណៈកម្មការទី៣នៃរដ្ឋសភា ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវតំណាងគណៈកម្មការនានា នៃរដ្ឋសភា ទីប្រឹក្សាច្បាប់អមរដ្ឋសភា នៅវិមានរដ្ឋសភា។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើថា ច្បាប់ជលផលដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៦ មានអាយុ ១៩ឆ្នាំហើយ បើគិតត្រឹមឆ្នាំ២០២៥នេះ។ នៅក្នុងរយៈពេល១៩ឆ្នាំនេះ ការវិវត្តនៃកំណើនប្រជាសាស្ត្រការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យា បានវិវត្តទៅមុខលឿនរហ័ស ដែលទាមទារការកែទម្រង់វិស័យជលផលរបស់រដ្ឋាភិបាលឱ្យស្របតាមបរិការណ៍ សេដ្ឋកិច្ចសង្គមកម្ពុជានិងសាកលលោក។ 

ក្នុងន័យនេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជលផលថ្មីនេះឡើង។ សេចក្តីព្រាងច្បាប់ស្តីពី ជលផលមាន១៥ ជំពូក និង ១០៤ មាត្រា និងឧបសម្ព័ន្ធចំនួន២ ត្រូវបានគណៈរដ្ឋមន្ត្រីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីបញ្ជូនមកសុំការពិនិត្យ និងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញការជឿជាក់ថា បន្ទាប់ពីសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តនិងចូលជាធរមាន ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ការគ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព។ ព្រមទាំងការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្ម ផល ផលិតផលជលផល។ 

រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានបង្ហាញក្តីជឿជាក់បន្តថា សេចក្តីព្រាងច្បាប់នេះនឹងគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ។ ព្រមទាំងបំពេញនូវលក្ខខណ្ឌតម្រូវនិងស្តង់ដាឱ្យមានសង្គតិភាពទៅនឹងលិខិតុបករណ៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីៗ ក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មទៅថ្នាក់តំបន់និង អន្តរជាតិផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស