TNAOT News

· 05-12

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី# #សាលី ស្រីមាស# #សង្គម# #សម្តេច ម៉ែន សំអន# #Volodymyr Zelenskyy# #ព័ត៌មានសង្គម#

4409

១. លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកអំណោយចែកជូនសមាជិកមូលនិធិត្រីចក្រយានយន្តកម្ពុជា ជិត៤០០នាក់

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នាំយកអំណោយចែកជូនសមាជិកមូលនិធិត្រីចក្រយានយន្តកម្ពុជា (មូលនិធិស៊ីក្លូ) ជិត៤០០នាក់ ក្នុងពិធីសប្បុរសធម៌ សមាគមកាយឫទ្ធិនារីកម្ពុជា ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានមូលនិធិត្រីចក្រយានយន្តកម្ពុជា និងលោកជំទាវ ព្រមទាំងសមាជិកាសមាគមកាយឫទ្ធិនារីកម្ពុជា។

២. សម្តេច ម៉ែន សំអន គាំទ្រដល់ការប្រែក្លាយផ្ទះនៅស្រុកកំណើតរបស់សម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គាំទ្រចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្ដេចតេជោ ហ៊ុន សែន ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន។ ដោយគំនិតផ្តួចផ្តើមនេះត្រូវបានបង្ហើបឲ្យដឹងពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសអញ្ជើញទស្សនាផ្ទះកំណើតរបស់សម្ដេចតេជោស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

៣. ប្រទះឃើញ ព្រះកេសទេវតាទាញព្រ័ត្រ កំឡុងពេលក្រុមកំណាយជួសជុលខ្លោងទ្វារជ័យ

ក្រុមកំណាយជួសជុលបានប្រទះឃើញ ព្រះកេសទេវតាទាញព្រ័ត្រ ធ្វើពីថ្មភក់ចំនួន ០១ នៅចំណុចខ្លោងទ្វារជ័យ ស្ថិតក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

៤. អាម៉េរិក និងចិន យល់ព្រមកាត់បន្ថយពន្ធទៅវិញទៅមក ដើម្បីឆ្ពោះទៅរកការបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្ម

សហរដ្ឋអាមេរិក និងចិនបាននិយាយនៅថ្ងៃច័ន្ទនេះថា ពួកគេបានយល់ព្រមផ្អាករយៈពេល ៩០ ថ្ងៃលើពន្ធភាគច្រើនដែលពួកគេបានដាក់លើគ្នាទៅវិញទៅមកចាប់តាំងពីខែមុន ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបន្ធូរបន្ថយសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរដែលបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានជម្លោះ។

៥. ប្រធានាធិបតីអ៊ុយក្រែន ​មាន​ឆន្ទៈ​ជួប​លោក​ Putin ​នៅ​ទីក្រុង​អ៊ីស្តង់ប៊ុល​សម្រាប់​ការ​ចរចា​សន្តិភាព

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy រំពឹងថាប្រទេសរុស្ស៊ីនឹងបញ្ជាក់ពីបទឈប់បាញ់ដែលចាប់ផ្តើមពីថ្ងៃច័ន្ទ ហើយថាលោកបានត្រៀមខ្លួនដើម្បីជួបជាមួយសមភាគីរុស្ស៊ីនៅក្នុងប្រទេសទួរគីនៅថ្ងៃព្រហស្បតិ៍សម្រាប់កិច្ចពិភាក្សាដោយផ្ទាល់ដើម្បីបញ្ចប់សង្គ្រាម។

៦. ​អគ្គិភ័យ​នៅ​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹមក្នុងក្រុងបាងកក នៅតែមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ

ជាង១៥ ម៉ោង​បាន​កន្លង​ផុត​ទៅ​ហើយ ​ចាប់​តាំង​ពី​អគ្គិភ័យ​នៅ​រោងចក្រ​ផលិត​គ្រឿង​សង្ហារឹម KING ក្នុង​សង្កាត់ Lat Krabang ក្រុង​បាងកក។ ភ្លើង​នៅតែ​បន្ត​ឆាបឆេះ​ចេញពី​បន្ទប់​ក្រោមដី​នៃអគារ​រោងចក្រ ដែល​គេ​ជឿថា​ជា​ប្រភព​ដែលនាំឲ្យកើតមាន​អគ្គិភ័យ​។

៧. រំភើបជំនួស! នាដការី សាលី ស្រីមាស ទទួលការវះកាត់នៅឯក្រៅប្រទេសជោគជ័យ ១០០%

ជឿជាក់ថាបងប្អូនពិតជានៅចាំបាន នាដការី សាលី ស្រីមាស ដែលមានបញ្ហាក្រលៀនត្រូវលាងឈាម និងត្រូវវះកាត់ប្ដូរក្រលៀន នៅឯក្រៅប្រទេស ពេលនេះការវះកាត់របស់ប្អូនស្រីរូបនេះគឺទទួលបានជោគជ័យ ១០០%ហើយ ក្រោយបាត់មុខមួយរយៈក្នុងការព្យាបាល ពេលនេះ កញ្ញា សាលី ស្រីមាស បានលេចមុខជាថ្មីដោយនាងបានបង្ហោះវីដេអូឃ្លីបមួយដោយទឹកមុខស្រស់ស្រាយធូរស្បើយបានច្រើន​ ធ្វើគ្រប់គ្នាឃើញហើយរំភើបជំនួស។

៨. ផ្ទុះសេខ្សែភ្លើងបណ្ដាលឲ្យមានអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ០១ខ្នង នៅស្រុកថ្មគោល

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:១៥នាទី មានករណីអគ្គិភ័យ មួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ០១ខ្នង នៅត្រង់ចំណុចភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

៩. គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ វាយប្រហារប្រទេសឥណ្ឌូណេស៊ី ភាគខាងត្បូងប្រទេសថៃ

នាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយមថៃបានរាយការណ៍ថា នៅវេលាម៉ោង ៣៖៥៧ នាទីរសៀល នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ បានកើតឡើងជាមួយនឹងចំណុចកណ្តាលនៅភាគខាងជើងកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី។

១០. គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៣ %ហើយ

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានប្រមាណ ៣៣%ហើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស