
TNAOT News
· 05-12
ខេត្តសៀមរាបរៀបចំបុណ្យវិសាខបូជា ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងស្វែងយល់អំពីពុទ្ធប្រវត្តិ និងពុទ្ធឱវាទរបស់ព្រះពុទ្ធ
#NEW NEWS# #បុណ្យវិសាខបូជា# #សង្គម# #ខេត្តសៀមរាប# #ព័ត៌មានសង្គម#
2159
ពិធីបុណ្យវិសាខបូជា ដែលរៀបចំឡើងនាពេលនេះ ក៏ដើម្បីរំឭកដល់ព្រឹត្តិការណ៍ចំនួន៣ ក្នុងសម័យពុទ្ធកាល ពេលព្រះពុទ្ធទ្រង់ប្រសូត ពេលព្រះអង្គបានត្រាស់ដឹង និងពេលព្រះសម្មាសម្ពុទ្ធចូលបរិនិព្វាន។
ក្នុងពិធីបុណ្យវិសាខបូជា លើកទី១២ នៅខេត្តសៀមរាប នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្ត បានលើកឡើងថា បុណ្យវិសាខបូជា ដែលរៀបចំឡើងនាពេលនេះ ក៏ដើម្បីរំឭកដល់ព្រឹត្តិការណ៍ចំនួន៣ ក្នុងសម័យពុទ្ធកាល រួមមាន៖ ពេលព្រះពុទ្ធទ្រង់ប្រសូត ពេលព្រះអង្គបានត្រាស់ដឹង និងពេលព្រះសម្មាសម្ពុទ្ធចូលបរិនិព្វាន ហើយការប្រារព្ធនាពេលនេះ គឺនៅលើទឹកដីអតីតទីក្រុងអង្គរធំដ៏ពិសិដ្ឋនៃដែនដីបុព្វបុរសខ្មែរយើង។
ក្នុងនោះមិនមែនមានតែប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ដែលប្រារព្ធពិធីបុណ្យនេះ គឺនៅជុំវិញពិភពលោកដែលកាន់ព្រះពុទ្ធសាសនា។ គោលការណ៍សន្តិភាព អហិង្សាធម៌ និងសីល៥ នៃទ្រឹស្ដីព្រះសម្មាសម្ពុទ្ធ ត្រូវបានអង្គការសហប្រជាជាតិបញ្ចូលទៅក្នុងខ្លឹមសារស្ទើរតែទាំងស្រុងនៃសេចក្ដីថ្លែងការណ៍ជាសកល ស្ដីពីសិទ្ធិមនុស្ស។
លោកបន្តថា ពិតណាស់ព្រះពុទ្ធសាសនា រីកចម្រើនទៅបានស្របតាមស្ថានភាពសង្គមជាតិយើង ជាពិសេសបានស្ដែងឱ្យឃើញនូវការសាមគ្គីដ៏ល្អប្រពៃ ផុសចេញពីសន្ដានចិត្តរបស់ពុទ្ធសាសនិក ព្រះសង្ឃនៅតាមទីវត្តអារាម លោកយាយលោកតា ដែលតែងតែមានសទ្ធាជ្រះថ្លាបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បូជាចំពោះព្រះរតនត្រ័យ និងជួយអប់រំកូនចៅឱ្យប្រតិបត្តិតែអំពើជាកុសល ដែលជាការរួមចំណែកយ៉ាងធំធេងក្នុងការបណ្ដុះធនធានមនុស្ស លើកកម្ពស់សីលធម៌ ចរិយាធម៌ សេចក្ដីថ្លៃថ្នូរក្នុងសង្គម និងការបណ្ដុះព្រលឹងជាតិ។
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការរៀបចំបុណ្យវិសាខបូជា ជាបានចូលរួមលើកកម្ពស់ការយល់ដឹងបន្ថែមដល់សាធារណជន ជាពិសេសសាមណេរ និងសីលវន្ត សីលវតីរបស់យើង បានស្វែងយល់អំពីពុទ្ធប្រវត្តិ និងពុទ្ធឱវាទរបស់ព្រះពុទ្ធបរមគ្រូនៃយើង ហើយតម្កល់ចិត្តឱ្យបានជ្រះថ្លាដែលជាធម៌អប់រំចិត្តដ៏ប្រពៃថ្លៃថ្លា ហើយត្រូវបានទទួលស្គាល់ទូទាំងពិភពលោក។
នៅក្នុងពិធីបុណ្យវិសាខបូជា នៅខេត្តសៀមរាប នាឆ្នាំ២០២៥នេះ មានរៀបចំពិធីបំបួសកុលបុត្រ កុលធីតាចំនួន៥០៩រូប ជាមួយនឹងការដង្ហែក្បួនអបអរសាទរចេញពីវត្តព្រះឥន្ទទេព នៃប្រាសាទបាយ័ន ឆ្ពោះទៅតាមបណ្ដាផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប ជាមួយនឹងការរាប់បាតព្រះសង្ឃ។ ក្រៅពីនេះ នៅតាមបណ្ដាវត្តនានាក្នុងខេត្ត ក៏មានការរៀបចំពិធីបុណ្យវិសាខបូជា អមជាមួយកម្មវិធីបែបព្រះពុទ្ធសាសនាផ្សេងៗទៀតផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
ចាប់តាំងពីកសាងឡើងមក តើប្រាសាទអង្គរវត្ត ផ្លាស់ប្តូរឈ្មោះ ប៉ុន្មានដងហើយ?
ចូលឆ្នាំបែបណា ទើបសប្បាយរីករាយ?
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
យោបល់ទាំងអស់ (0)