TNAOT News

· 05-10

កម្ពុជា-ចិន បង្ហាញពីភាពរឹងមាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2601

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានជួបពិភាក្សាការងារជាមួយ លោក Wang Gang អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃបក្សកុម្មុយនិស្តចិន នៅប្រទេសព្រុយណេ ដារ៉ូសាឡាម នៅអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្រ្តីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយផ្តោតជាសំខាន់លើ ការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីបានរំឭកអំពីដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង មកកាន់ប្រទេសកម្ពុជានាពេលថ្មីៗមកនេះ ដែលបានឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងមិត្តភាពដែកថែបដែលកើតចេញពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នៅអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង មានការចុះកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ចំនួន ៣៧ ក្នុងនោះក្រសួងព័ត៌មានបានចុះអនុស្សរណៈយោគយល់ចំនួន ៧ ជាមួយបណ្តាស្ថាប័នដែលទទួលបន្ទុកលើវិស័យព័ត៌មានរបស់ចិនផងដែរ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មាន បណ្តុះបណ្តាលនិងផ្លាស់ប្តូរដំណើរទសន្សកិច្ចអ្នកសារព័ត៌មាន ការពង្រឹងស្ថាប័ន និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យភាគីចិនពិចារណាលើការរាយការណ៍ពីបទពិសោធជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដែលដាក់ចេញដោយឯកឧត្តមប្រធានាធិបតី ស៊ី ជីងពីង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងអាស៊ាន និងប្រទេសចិន។ ឯកឧត្តម Wang Gang បានបង្ហាញនូវការគាំទ្រ និងស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ក៏បានអញ្ជើញភាគីចិនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី(Asia Media Summit) លើកទី២០ ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប នាខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស