TNAOT News

· 05-09

សម្ដេចប៉ាប អង្គថ្មីនៃវ៉ាទីកង់ត្រូវបានជ្រើសរើសដែលជាសម្ដេចប៉ាបដំបូងបង្អស់មានជាតិកំណើតនៅសហរដ្ឋអាមេរិក

#NEW NEWS# #ព័ត៌មាន# #សម្ដេចប៉ាប# #ព័ត៍មានអន្តរជាតិ#

2856

លោក Robert Prevost ត្រូវបានបោះឆ្នោតជ្រើសរើសជាសម្ដេចប៉ាប ទី២៦៧ នៃសាសនាគ្រិស្ដនិកាយកាតូលិក ដោយព្រះនាមព្រះអង្គក្នុងឋានៈជាសម្ដេចប៉ាប គឺ Leo ទី១៤ (Pope Leo XIV) និងជាជនជាតិអាមេរិកាំងដំបូងដែលបានក្លាយជាសម្ដេចប៉ាប ខណៈដែលលោកត្រូវបានសម្ដេចប៉ាប Francis យកមកបំពេញការងារនៅបុរីវ៉ាទិកង់ កាលពីឆ្នាំ២០២៣។

សម្តេចប៉ាបថ្មី សម្ដេចប៉ាប លេអូ ទី១៤ មានព្រះនាមដើមថា រ៉ូបឺត ហ្វ្រាន់ស៊ីស ព្រីវូស្ដ (Robert Francis Prevost) ប្រសូតនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ១៩៥៥ ជាជនជាតិអាមេរិក ត្រូវបានបោះឆ្នោតជ្រើសរើសជាសម្តេចប៉ាប ប្រមុខដឹកនាំព្រះសហគមន៍កាតូលិក និងបុរីវ៉ាទីកង់ នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥នេះ ដើម្បីដឹកនាំគ្រឹស្តសាសនិកជនទាំង ១ ៤០០ លាននាក់ទូទាំងពិភពលោក។ 

ក្នុងព្រះជន្ម ៦៩ឆ្នាំ កើតនៅក្នុងក្រុង Chicago សហរដ្ឋអាមេរិក សម្ដេចប៉ាបបានចាប់ផ្តើមការងារដំបូងនៅទីនោះ ជាបព្វជិត និងបានបម្រើការនៅប្រទេសប៉េរូ ចន្លោះឆ្នាំ ១៩៨៥ ដល់ ១៩៨៦ និង ១៩៨៨ ដល់ ១៩៩៨ ជាបូជាចារ្យព្រះសហគមន៍ ជាអ្នកណែនាំជាន់ខ្ពស់ក្នុងភូមិភាគ ជាគ្រូបង្រៀននៅទេវវិទ្យាល័យ និងជាអ្នកមើលការខុសត្រូវភូមិភាគ (Administrator)។

លោកត្រូវបានតែងតាំងជាកាឌីណាល់ក្នុងឆ្នាំ ២០២៣ ដោយសម្តេចប៉ាប Francis ។ នៅឆ្នាំ ២០២៣ សម្ដេចប៉ាប Francis បានតែងតាំងលោកជាប្រធានទទួលបន្ទុកក្រសួងសម្រាប់លោកអភិបាល ព្រះសហគមន៍ព្រមទាំងជាប្រធាន គណៈកម្មការនៃសន្តអាសនៈសម្រាប់ទ្វីបអាមេរិកឡាទីន។

គួរឲ្យដឹងដែរថា អ្នកដែលជាប់ឆ្នោតជាសម្តេចប៉ាប ត្រូវតែទទួលបានការគាំទ្រយ៉ាងហោចណាស់ពីរភាគបីនៃកាឌីណាល់ (Cardinal-ក្រុមទីប្រឹក្សាសម្តេចប៉ាប) ដែលចូលរួមក្នុងការបោះឆ្នោត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស