TNAOT News

· 04-24

កុំចេះតែល្មើសច្បាប់! សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង ៦ម៉ឺនពិន្ទុលើអ្នកបើកបរយានយន្តជាង ១សែនគ្រឿងក្នុងឆ្នាំ២០២៤

#NEW NEWS# #សង្គម# #ដកពិន្ទុបណ្ណបើកបរ# #ព័ត៌មានសង្គម#

2398

សមត្ថកិច្ចបានដកពិន្ទុបណ្ណបើកបរជាង៦ម៉ឺនពិន្ទុលើអ្នកបើកបរយានយន្តជាង១សែនគ្រឿង និងពិន័យដោយឧបករណ៍បច្ចេកទេសសរុបចំនួន១២៤.៧៣៤នាក់ ទទួលបានទឹកប្រាក់បានជាង២៦ពាន់លានរៀលនៅក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 

តាមរយៈការដកពិន្ទុបណ្ណបើកបរនេះ សមត្ថកិច្ចអនុវត្តតាមប្រការ៤ នៃប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ គ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុបចំនួន១២ ពិន្ទុ ហើយចំនួនពិន្ទុនេះត្រូវកាត់បន្ថយនៅពេលអ្នកបើកបរបានប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកជាអាទិ៍៖ 

- ករណីកាត់១ពិន្ទុទៅលើអ្នកបើកបរមិនពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព, ប្រើភ្លើងហ្វានៅពេលជួបនឹងយានមកពីទិសផ្ទុយ, បើកបរជាន់តាមខ្សែគំនូសបង្អួតកណ្តាលទ្រូងផ្លូវ, បើកបរលើសល្បឿនកំណត់ចាប់ពី១ទៅ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរនៅពេលយប់ដោយគ្មានភ្លើងគ្រប់គ្រាន់តាមប្រភេទយានយន្ត និងផ្ទុកមនុស្សលើសកំណត់។ 

- ករណីកាត់២ពិន្ទុទៅលើអ្នកបើកបរលើសល្បឿនចាប់ពី ២០ទៅ២៩ គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរបង្កើនល្បឿននៅពេលគេកំពុងជែងខ្លួន បត់ឆ្វេង ឬបត់ស្តាំ មិនបានត្រឹមត្រូវ បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់ មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ បត់ឆ្វេង បត់ស្តាំ ឬឈប់មិនបានឱ្យសញ្ញាជាដំណឹង ជែងឬចៀសមិនបានត្រឹមត្រូវ, បើកបរដោយគ្មានទុកចន្លោះសុវត្ថិភាពគ្រប់គ្រាន់ដែលបង្កឱ្យមានគ្រោះថ្នាក់, បើកបរដោយធ្វេសប្រហែស ធ្វើឱ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវដទៃទៀតមិនបានឱ្យសញ្ញាជាដំណឹងត្រឹមត្រូវនៅពេលចេញដំណើរ, យានមានលក្ខណៈបច្ចេកទេសមិនត្រឹមត្រូវ, ផ្ទុកទំនិញមិនបានត្រឹមត្រូវ, ចតយាននៅលើគំនូសសម្រាប់ថ្មើរជើងឆ្លងកាត់, ឈប់ឬចតនៅលើគំនូសតម្រឹមទ្រូងផ្លូវ, ដាក់កុមារអាយុក្រោម១០ឆ្នាំឱ្យអង្គុយនៅកៅអីផ្នែកខាងមុខនៃរថយន្ត, មិនបានដាក់កុមារអាយុក្រោម៥ឆ្នាំឱ្យអង្គុយក្នុងកៅអីសម្រាប់កុមារអង្គុយ ឬដេកក្នុងរថយន្ត និងគេចពីមន្ត្រីនគរបាលចរាចរណ៍ដែលធ្វើការត្រួតពិនិត្យ។ 

- ករណីកាត់៣ពិន្ទុ ទៅលើអ្នកបើកបរណាដែលឈប់ ឬចតនៅកន្លែងដែលគ្រោះថ្នាក់, ជែងដោយគ្រោះថ្នាក់, បើកបរជែងគ្នានៅកន្លែងហាមឃាត់, ប្តូរទិសគ្មានឱ្យសញ្ញាជាដំណឹង, បើកបរឆ្លងកាត់គំនូសបង្ហូតជាប់កណ្តាលទ្រូងផ្លូវ, បើកបរលើសកល្បឿនកំណត់ចាប់ពី៣០ ទៅ៣៩ គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,២៥ ទៅ ០,៣៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៥០ ទៅ ០,៧៩ ក្រាមក្នុងមួយលីត្រឈាម, បើកបរប្រណាំងគ្នាតាមផ្លូវដោយគ្មានច្បាប់អនុញ្ញាត, កំហុសនៃការឈប់ ឬការមិនផ្តល់សិទ្ធិអាទិភាពនៅកន្លែងថ្មើរជើងឆ្លងកាត់, មិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម, មិនគោរពផ្លាកសញ្ញាឈប់ ឬសញ្ញាសិទ្ធិអាទិភាព, មិនគោរពសញ្ញាបញ្ជាចរាចរណ៍របស់នគរបាលចរាចរណ៍។ 

- ករណីកាត់៤ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៤០ ទៅ ៤៩គីឡូម៉ែត្រក្នុងមួយម៉ោង, បើកបរមិនគោរពសិទ្ធិអាទិភាពនៅត្រង់ផ្លូវប្រសព្វ, បើកបរទន្ទឹមគ្នាធ្វើឱ្យស្ទះចរន្តចរាចរណ៍, មិនបានផ្តល់សិទ្ធិអាទិភាពឱ្យយានយន្តមានសិទ្ធិអាទិភាព, ទំនិញធ្លាក់ពីលើយានពេលកំពុងបើកបរ, បើកបរបញ្ច្រាសទិសចរាចរណ៍, និងបើកបរបង្ហោះរេចុះឡើង ឆាប ឬកៀរ។ 

- ករណីកាត់៦ពិន្ទុ ទៅលើអ្នកបើកបរលើសល្បឿនកំណត់ចាប់ពី ៥០ គីឡូម៉ែត្រក្នុងមួយម៉ោងឡើងទៅ, បើកបរក្នុងពេលមានអត្រាជាតិស្រវឹងចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬមានឥទ្ធិពលគ្រឿងញៀន, រត់គេចខ្លួនពេលមានគ្រោះថ្នាក់ចរាចរណ៍, ប្រើប្រាស់ផ្លាកលេខ និងបណ្ណសម្គាល់យានយន្តក្លែងក្លាយ, បើកបរល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកហើយបង្កឱ្យមានរបួសដល់អ្នកដទៃដោយអចេតនា ហើយបណ្តាលឱ្យអ្នករងគ្រោះអសមត្ថភាពធ្វើការងារក្នុងរយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតពីថ្ងៃកើតហេតុ ឬស្លាប់, កំហុសមិនរាងចាលនៃការប្រើប្រាស់បណ្ណបើកបរហួសសុពលភាព ឬមិនត្រឹមត្រូវតាមប្រភេទយាន, បដិសេធមិនឱ្យធ្វើតេស្តជាតិអាល់កុល ឬសារធាតុញៀន, និងផ្ទុកមនុស្សលើទំនិញ។ សមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីប្រព្រឹត្តបទល្មើសម្តងការកាត់ពិន្ទុមិនត្រូវឱ្យលើសពី៨ពិន្ទុឡើយ។ 

សូមបញ្ជាក់ថាឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតមានឡើង ២,៨៤៤លើក បណ្ដាលឱ្យស្លាប់១,៥០៩នាក់ និងរបួស៣,៧៣០នាក់។ ជាមួយគ្នានោះដែរការអនុវត្តដកពិន្ទុបណ្ណបើកបរ និងបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអ្នកល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស