TNAOT News

· 04-18

ក្រសួងការងារប្រកាសពីការរកឃើញសពពលករខ្មែរមួយរូបទៀតក្រោមគំនរបាក់បែកនៃការបាក់រលំអគារនៅថៃ

#ក្រសួងការងារ# #សង្គម# #DEVELOPING NEWS# #ព័ត៌មានសង្គម#

2260

ពលករខ្មែរម្នាក់ទៀតបានបាត់បង់ជីវិត និងរកឃើញនៅក្រោមគំនរនៃការបាក់រលំអគារដោយសារគ្រោះរញ្ជួយដីនៅថៃ ដោយជនរងគ្រោះមានឈ្មោះផល្លា រតនា អាយុ២៤ឆ្នាំ ជាកូនរបស់លោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ។ 

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ បានជម្រាបជូនសាធារណជនឲ្យបានជ្រាបថា តាមរយៈលទ្ធផលនៃការពិនិត្យ កោសល្យវិច័យ DNA ពីវិទ្យាស្ថានវេជ្ជសាស្ត្រកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិប្រទេសថៃ ក្រសួងការងារកម្ពុជាបានទទួលដំណឹងថា លោក ផល្លា រតនា ដែលត្រូវជាកូនរបស់លោក សៅ ផល្លា និង លោកស្រី ឆាយ សោភ័ណ្ឌ បានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ ដោយគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។ ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនេះក្រសួងការងារ, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានាស្របតាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំងបន្តតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។

តាមប្រភពដដែលបានបន្តទៀតថា ចាប់តាំងពីថ្ងៃកើតមានគ្រោះរញ្ជួយដីនៅប្រទេសថៃ ក្រសួងការងារ, ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីកំណត់អត្តសញ្ញាណពលករដែលបាត់ខ្លួន និងបានផ្តល់ការគាំពារទាន់ ពេលវេលាដល់ក្រុមគ្រួសារបងប្អូនពលករខ្មែរដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយ ធម្មជាតិនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស