
TNAOT News
· 04-18
រាជធានី-ខេត្តចំនួន៥នៅកម្ពុជា ទទួលបានភ្ញៀវទេសចរច្រើនជាងគេក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
#NEW NEWS# #ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ# #សង្គម# #ព័ត៌មានសង្គម#
2131
នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ សង្កេតឃើញមានរាជធានីនិងខេត្តចំនួន៥ក្នុងប្រទេសកម្ពុជាបានស្ថិតនៅលើតារាងមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅលេងកម្សាន្តច្រើនជាងគេ។
ជាក់ស្តែងតាមរបាយការណ៍ស្ថិតិទេសចរណ៍នៃមន្ទីទេសចរណ៍រាជធានី-ខេត្ត ដែលបានចុះផ្សាយនៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនេះនៅតាមបណ្តារាជធានី-ខេត្តដែលទទួលបានភ្ញៀវទេសចរ និងប្រជាពលរដ្ឋច្រើនជាងគេទាំង៥ រួមមាន៖ រាជធានីភ្នំពេញមានចំនួន ២,៨៦៣,៩២២ នាក់, ខេត្តសៀមរាបមានចំនួន ២,៧៥២,៨១៨ នាក់, ខេត្តកំពង់ចាមមានចំនួន ២,៧៤៨,២២៨ នាក់, ខេត្តព្រៃវែងមានចំនួន ២,៣៩៤,៣៤៣ នាក់និងខេត្តបាត់ដំបងមានចំនួន ១,៧៤១,៧៩៥ នាក់។
ចំណែកនៅទូទាំងប្រទេសវិញក្នុងរយៈពេល៣ថ្ងៃនេះមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋសរុបចំនួនប្រមាណ ២៣,៩៧៧,៤៤១ នាក់ កើនឡើង ៩,៩ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤ ដែលមានចំនួន ២១,៨១៣,១៣៨ នាក់។ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៣,៨៦២,៣៥១ នាក់និង ភ្ញៀវអន្តរជាតិមានចំនួន ១១៥,០៩០នាក់។
សូមជម្រាបជូនថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះគឺត្រូវបានគណនាដោយរាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។
ជាក់ស្តែងរាជធានីភ្នំពេញ មានការរៀបចំព្រឹត្តការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ ,ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តោន ប្រវែងមួយពាន់ម៉ែត្រ,ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និងខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។ ទន្ទឹមនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករផងដែរ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)