TNAOT News

· 04-18

កម្ពុជា និងចិន ឯកភាពកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

2169

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ចិន។

ក្នុងជំនួបនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះលោកប្រធានាធិបតី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា។

សម្តេចធិបតីបានគូសបញ្ជាក់ថា ជំនួយរបស់មិត្តចិនបានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នាពេលនេះ គូសបញ្ជាក់ពីភាពរឹងមាំនៃទំនាក់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។

ជាការឆ្លើយតប លោក ស៊ី ជីនពីង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកម្ពុជា ហើយបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចម្តងទៀតនៅកម្ពុជា និងបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ប្រធានាធិបតីចិនបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងបន្តអភិវឌ្ឍលើគ្រប់វិស័យថែមទៀត ហើយក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា លោកបានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

គួរឲ្យដឹងដែរថា សម្តេចបវរធិបតី និងលោក ស៊ី ជីនពីង បានពិភាក្សាផ្លាស់ប្តូរយោបល់លើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអាទិភាព រួមមាន៖ នយោបាយ, សន្តិសុខ ការពារជាតិ, ពាណិជ្ជកម្ម វិនិយោគ, កសិកម្ម, ទេសចរណ៍, ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត។ លោក ស៊ី ជីនពីង ប្តេជ្ញាជំរុញវិនិយោគិននិងទេសចរចិនកាន់តែច្រើន មកកម្ពុជា បន្តផ្តល់ជំនួយសម្រាប់សកម្មភាពកម្ចាត់មីន បន្តជួយគម្រោងផ្លូវ ជនបទ ការផ្គត់ផ្គង់ទឹក និងបណ្តាញអគ្គីសនី ព្រមទាំងផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិនចំនួន ១.០០០ កន្លែងក្នុងរយៈពេល៣ឆ្នាំ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស