TNAOT News

· 04-17

អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់

#NEW NEWS# #បន្ទាយមានជ័យ# #សង្គម# #ខ្យល់កន្ត្រាក់# #​អភិបាលខេត្ត# #ប្រជាពលរដ្ឋ# #ព័ត៌មានសង្គម#

2063

ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នៅក្នុងក្រុងសិរីសោភ័ណ ដែលបណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៣៧ខ្នង កុដលោក១ខ្នង ជង្រុក ១ខ្នង ឈើផ្លាន១៨ដើម និងស័ង្កសីចំនួន៤២៣សន្លឹក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានចូលរួមសម្តែងនូវក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសំបែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

ជាវិធានការឯកឧត្តម ក៏បានណែនាំដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ រន្ទះបាញ់ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ ក្នុងករណីអាកាសធាតុមិនសូវស្រួល ត្រូវរកកន្លែងមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើ ឬនៅក្បែរបង្គោលភ្លើង ក្នុងពេលអាកាសធាតុចង់រកភ្លៀង។

គួរបញ្ជាក់ថា នៅក្នុងក្រុងសិរីសោភ័ណ ប៉ះពាល់សង្កាត់ចំនួន២ ដែលបណ្ដាល ឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៥ខ្នង កុដលោក ១ខ្នងឈើផ្លាន១៣ដើម និងស័ង្កសីចំនួន ២៦៥សន្លឹក ស្រុកស្វាយចេកប៉ះពាល់ឃុំ ចំនួន២ដែល បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១១ខ្នងជង្រុក១ខ្នង និងស័ង្កសីចំនួន ១៤២សន្លឹក ខណៈស្រុកមង្គលបូរី ប៉ះពាល់ឃុំចំនួន០២ ដែលបណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង និងស័ង្កសីចំនួន១៦សន្លឹក៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)