TNAOT News

· 04-17

ប្រទះឃើញត្រីផ្សោតមានប្រវែងជាង២ម៉ែត្របណ្ដែតខ្លួនហែលជាហ្វូងនៅលើឆ្នេរព្រែកស្វាយ

#NEW NEWS# #ឆ្នេរព្រែកស្វាយ# #សង្គម# #ត្រីផ្សោត# #ព័ត៌មានសង្គម#

2228

ថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋដែលមកទស្សនា និងមុជទឹកកម្សាន្តនៅឆ្នេរកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានប្រទះឃើញសត្វផ្សោតចំនួន៩ក្បាល បណ្ដែតខ្លួនហែលនៅលើឆ្នេរព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បើតាមលោក រាជ សុវណ្ណ អភិបាលស្តីទីក្រុងកោះរ៉ុង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានត្រីផ្សោតចំនួន៩ក្បាល បានបណ្ដែតខ្លួនហែលនៅលើឆ្នេរព្រែកស្វាយ ហើយប្រជាពលរដ្ឋក៏បាននាំគ្នាទៅលេងជាមួយត្រីផ្សោតនោះទៀតផង។ លោកបានបញ្ជាក់ថា ត្រីផ្សោតទាំង៩ក្បាលនេះ មួយក្បាលៗមានប្រវែងចាប់ពី២ ទៅជាង២ម៉ែត្រ ហើយបច្ចុប្បន្ននេះមន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកោះរ៉ុង បានកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះត្រីផ្សោតទាំង៩ក្បាលនេះ ព្រមទាំងបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទសូមចូលរួមថែរក្សា និងអភិរក្សត្រីផ្សោតសមុទ្រដ៏កម្រនេះ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ក្រុងកោះរ៉ុងផងដែរ។ទន្ទឹមនោះមន្ត្រីបច្ចេកទេសក៏បានទាក់ទងទៅអ្នកអភិរក្សសត្វសមុទ្រដើម្បីធ្វើយ៉ាងណានាំយកត្រីទាំងនេះទៅកាន់ទឹកជ្រៅវិញ។ លោកបានបន្ថែមថាមកដល់ថ្ងៃត្រង់ត្រីផ្សោតទាំងនេះហាក់បីដូចជាខ្លាចមនុស្សចូលទៅលេងជាមួយពួកវា មិនដូចពេលព្រឹក ប្រជាពលរដ្ឋបានទៅប៉ះលេងជាមួយវាបាននោះទេ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅ ហ្វូងត្រីផ្សោតសមុទ្រចំនួន៣ក្បាលប្រភេទថ្មីMelon Headed Whale ពុំធ្លាប់មានវត្តមាននៅខេត្តកំពតពីមុនមកឡើយ បានហែលឡើងមកគឿងនៅចំណុចផែគីឡូ១២ ភូមិសាស្ត្រសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ហើយក៏ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការជីវិតសត្វសមុទ្របានជួយសង្គ្រោះនាំទៅកាន់ទឹកជ្រៅវិញដោយសុវត្ថិភាពផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)