TNAOT News

· 04-16

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #សម្តេចធិបតី# #ព័ត៌មានសង្គម#

3769

១. សម្តេចធិបតី៖ ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត មានគោលបំណងធំ ៣

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្ត មានគោលបំណងធំ ៣។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានឲ្យដឹងថា គោលបំណងធំទី១ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តកឺបំផុសស្មារតីស្នេហាជាតិតាមរយៈការរួមសាមគ្គីគ្នា ដើម្បីលើកស្ទួយវប្បធម៌និងប្រពៃណីជាតិ, ទី២ បំផុសការផ្សព្វផ្សាយវិស័យទេសចរណ៍ និងទី៣ លើកស្ទួយសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានពិសេសក្នុងខេត្តសៀមរាបផ្ទាល់។

២. ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានរៀបចំពិធីសមាធិដើម្បីជំរុញការផ្សព្វផ្សាយពីសារៈប្រយោជន៍នៃការធ្វើសមាធិ

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ បានរៀបចំឲ្យមាននូវពិធីសមាធិ នៅប្រាសាទអង្គរវត្ត ខណៈការធ្វើសមាធិគឺជាផ្នែកមួយរបស់សាសនា ហើយក៏ធ្វើឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរផងដែរ។

៣. ថ្ងៃទី២នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើងមានពលរដ្ឋសម្រុកទៅលេងកំសាន្តប្រមាណ ៨០ម៉ឺននាក់

សម្រាប់​ថ្ងៃ​ទី២ ​ ថ្ងៃវារ:វ័នបត​ នៃពិធីបុណ្យ​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិ​ខ្មែរ ដែលត្រូវ​នឹង​ថ្ងៃទី​១៥ ខែមេសា នៅសង្ក្រាន្ដវត្តភ្នំ និងផ្លូវថ្មើរជើង (Walk Street) មានភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៨០ម៉ឺននាក់បានមកលេងកំសាន្តយ៉ាងច្រើនកុះករ ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ច។ នេះបើតាមបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

៤. ឃាត់ខ្លួនជនជាតិកុងហ្គោម្នាក់ ករណីបង្កការអុកឡុកតាមដងផ្លូវសង្ក្រាន្តវត្តភ្នំ ថ្ងៃទី២

នៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ នៅចំណុចម្ដុំមន្ទីរពេទ្យគន្ធបុប្ផា ផ្លូវ 90 កែង 47 ភូមិ11 សង្កាត់ស្រះចក ខណ្ឌដូនពេញ មានករណីជនបរទេស ឈ្មោះ Mukaba Matondo Kevin ភេទប្រុស អាយុ34 ឆ្នាំ ជនជាតិកុងហ្គោ បានបង្កការអុកឡុក តាមដងផ្លូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្តវត្តភ្នំ ថ្ងៃទី2) ហើយត្រូវបានកម្លាំងសមត្ថកិច្ចដែលមានភារកិច្ចឈរជើងការពាររក្សាសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅទីនោះ ចាប់ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ តែជនបរទេសរូបនោះមិនសហការ ជាមួយសមត្ថកិច្ច ជាមួយគ្នានោះដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី សាត ធីតា ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ទទួលខណ្ឌដូនពេញ ជនបរទេសរូបនេះត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្នរង់ចាំបន្តការសាកសួរតាមនីតិវិធី។

៥. ខេត្តភូកេត រងគ្រោះដោយទឹកជំនន់ភ្លាមៗ បន្ទាប់ពីមានភ្លៀងធ្លាក់ពេញមួយយប់

ទឹកជំនន់ភ្លាមៗបានវាយប្រហារខេត្តភូកេត ក្នុងប្រទេសថៃបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ ដោយបានជន់លិចតំបន់សំខាន់ៗដូចជាកោះសិរិ និងការ៉ុន ខណៈអាជ្ញាធរ​ព្រមាន​ពី​ការ​បាក់​ដី និង​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត​នៅ​ខាង​មុខ។ តំបន់ជាច្រើននៃខេត្តកោះដ៏ពេញនិយមនេះត្រូវបានវាយប្រហារដោយទឹកជំនន់ភ្លាមៗនៅព្រឹកថ្ងៃពុធ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ ដែលបណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយ និងជំរុញឱ្យមានការព្រមានអំពីអាកាសធាតុនៅទូទាំងភាគខាងត្បូងប្រទេសថៃ។

៦. រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកព្រឹត្តិការណ៍លៀសហាលកំពង់ចាម មានភាពច្នៃប្រឌិតខ្ពស់និងទាក់ទាញភ្ញៀវទេសចរ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍លៀសហាលចម្ងាយ ១.០០០ម៉ែត្រ ទម្ងន់ ៣តោន នៃសង្ក្រាន្តកំពង់ចាម។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានចាត់ទុកព្រឹត្តិការណ៍នេះថាមានលក្ខណៈច្នៃប្រឌិតខ្ពស់ ដោយលៀសហាលគឺជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនៅតាមទីជនបទ និងទីក្រុង និងមានប្រជាប្រិយភាព ព្រមទាំងមានការគាំទ្រក្នុងចំណោមមហាជនពីគ្រប់មជ្ឈដ្ឋាន ដោយបានទាក់ទាញទាំងប្រជាពលរដ្ឋនៅមូលដ្ឋាននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករពីគ្រប់ទិសទី។

៧. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលរួមអបអរខួប ១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នានៃមត៌កវប្បធម៌អរូបិយ នៅសាធារណៈរដ្ឋកូរ៉េ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចូលរួមអបអរខួប ១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នានៃមត៌កវប្បធម៌អរូបិយ របស់មនុស្សជាតិ នៃអង្គការយូណេស្កូ ដែលបានធ្វើឡើងនៅទីក្រុងដាងជីន សាធារណៈរដ្ឋកូរ៉េ។

៨. កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី Xi Jinping

កម្ពុជាសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

៩. គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន

គ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ វាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីន ប៉ុន្តែមិនទាន់មានរបាយការណ៍ការខូចខាតភ្លាមៗនោះទេ។

១០. ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ញៀវទេសចរជាង ៦៦ម៉ឺននាក់ បានមកលេងកម្សាន្តខេត្តបាត់ដំបង

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបង្ហាញរបាយការណ៍ស្ថិតិភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលបានមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ វត្តអារាម និងទីតាំងសង្ក្រាន្តបាត់ដំបង នៅថ្ងៃទី០២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយទទួលបានភ្ញៀវទេសចរជាង ៦៦ម៉ឺននាក់។   

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស