TNAOT News

· 04-08

បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥

#បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ព័ត៌មានសង្គម#

4260

១. សម្តេចធិបតីស្នើដៃគូអភិវឌ្ឍន៍គាំទ្ររាជរដ្ឋាភិបាលកម្ពុជាដើម្បីឆ្ពោះទៅរក «កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០»

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការងារសកម្មភាពមីន ជាពិសេស ក្នុងគោលដៅឆ្ពោះទៅរក “កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០៣០” ។

២. សួនតេជោសន្តិភាព ប្រវែងជិត១០០០ម៉ែត្រក្នុងក្រុងបាត់ដំបង នឹងបញ្ចប់សាងសង់នៅដំណាច់ខែមេសានេះ  

"សួនតេជោសន្តិភាព" ក្នុងក្រុងបាត់ដំបង គ្រោងនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈសួននេះនឹងលើកសោភ័ណភាពក្នុងក្រុងទាំងមូលឱ្យមានភាពស្រស់បំព្រង ព្រមទាំងក្លាយជាទីក្រុងស៊ីវិល័យ។  

៣. ស្នងការភ្នំពេញអំពាវនាវឲ្យចូលរួមលេងកម្សាន្តសប្បាយតាមសង្ក្រាន្តនានាដោយសេចក្តីថ្លៃថ្នូរ និងគោរពគ្នា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវឲ្យប្រជាពលរដ្ឋ លេងកម្សាន្តសប្បាយតាមសង្ក្រាន្តនានាដោយសេចក្តីថ្លៃថ្នូរ និងគោរពគ្នា មិនត្រូវលេងសប្បាយជ្រុលរហូតឈានដល់ការប៉ះពាល់បំពានសិទ្ធិអ្នកដទៃ ឬឈានដល់ការកើតហិង្សា។

៤. កូរ៉េខាងត្បូងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ក្រោយដកតំណែងលោក Yoon Suk Yeol កាលពីសប្តាហ៍មុន

រដ្ឋាភិបាលកូរ៉េខាងត្បូងបានអនុម័តថ្ងៃទី ៣ ខែមិថុនា ជាកាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី បន្ទាប់ពីការដកតំណែងរបស់លោក Yoon Suk Yeol កាលពីសប្តាហ៍មុន ជុំវិញការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី។

៥. ប្រទេសឥណ្ឌូណេស៊ីរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រវាយប្រហារខេត្ត Aceh ប៉ុន្តែមិនមានរងការខូចខាតធ្ងន់ធ្ងរនោះទេ

ប្រទេសឥណ្ឌូណេស៊ី រងគ្រោះរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានវាយប្រហារនៅខេត្ត Aceh ភាគខាងលិច តែមិនបង្កឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិឡើយ ដោយសារការរញ្ជួយដីទំនងជាមិនបង្កើតរលកធំៗនោះទេ។

៦. ចំនួនមនុស្សស្លាប់កើនឡើងដល់ ២០នាក់ហើយ ខណៈដែលសព៣នាក់ទៀតត្រូវបានរកឃើញពីករណីគ្រោះថ្នាក់អគារបាក់រលំក្នុងទីក្រុងបាងកក

មន្ត្រីជួយសង្គ្រោះថៃអះអាងថា សព០៣នាក់ទៀត ត្រូវបានរកឃើញពីគំនរបាក់បែកនៃអគារកម្ពស់ ៣០ជាន់ដែលដួលរលំនៅក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកក ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០នាក់។

៧. ប៉ូលិសខេត្ត Lam Dong បានចាប់ខ្លួនព្រះសង្ឃមួយអង្គពីបទរំលោភបំពានផ្លូវភេទលើព្រះសង្ឃវ័យក្មេងជិត១០អង្គ

កាលពីថ្ងៃទី៧ ខែមេសា ប៉ូលិសខេត្ត Lam Dong បានចាប់ខ្លួនព្រះសង្ឃមួយអង្គពីបទរំលោភបំពានផ្លូវភេទលើព្រះសង្ឃវ័យក្មេងចំនួន៧អង្គនៅវត្ត Thap Thien ក្នុងទីក្រុង Da Lat ខេត្ត Lam Dong ពីឆ្នាំ ២០២៣។

៨. ក្រុមហ៊ុនចិនចង់នាំចេញកសិផលសក្ដានុពលកម្ពុជាទៅប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ

ឯកឧត្តម ឌិត ទីណា បានសម្តែងការស្វាគមន៍គណៈប្រតិភូចិនដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។

៩. ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងបើកឱ្យប្រើប្រាស់រយៈពេល ៧ថ្ងៃនាពេលឆាប់ៗខាងមុខនេះ ដើម្បីសម្រួលចរាចរណ៍ពលរដ្ឋទៅលេងស្រុកកំណើត  

ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានចូលរួមក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ នៅមុនថ្ងៃបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។  

១០. ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការកម្ទេចចោលបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេសចំនួន៣០០គ្រឿង

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការកម្ទេចចោលបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេសចំនួន៣០០គ្រឿង ដែលសមត្ថកិច្ចបានដកហូតកាលពីពេលកន្លងទៅ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស