TNAOT News

· 2024-10-11

គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ ជួយដោះស្រាយការលំបាករបស់ប្រជាកសិករ

#បច្ចេកទេស# #NEW NEWS# #ទំនប់អាងទឹកថ្មី# #សង្គម# #វិស័យកសិកម្ម# #ប្រជាកសិករ# #ព័ត៌មានសង្គម#

4768

ដើម្បីដោះស្រាយការលំបាករបស់ប្រជាកសិករ ផ្ដល់នូវប្រភពទឹកសាបបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម ក្នុងឃុំជ្រោយប្រស់ នៅក្នុងឆ្នាំ២០២៤នេះ ក្រសួងធនធានទឹក និងឧតុនិយមដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្តគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ទៅតាមលក្ខណៈបច្ចេកទេស។

បន្ទាប់ពីការងារស្តារឡើងវិញបានរួចរាល់តាមលក្ខណៈបច្ចេកទេស ប្រជាពលរដ្ឋចំនួន ៣៨៣គ្រួសារក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុងនឹងទទួលបានទំនប់អាងទឹកតម្កល់ទឹកសាបទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មរដូវស្រូវវស្សាចំនួន ២៧៥ហិកតា រដូវប្រាំងចំនួន ៣០ហិកតា និងដំណាំរួមផ្សំចំនួន ៣០ហិកតា ព្រមទាំងជួយបង្កើនរដូវដាំដុះ បង្កើនទិន្នផលកសិកម្ម និងបង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ ហើយថែមទាំងការពារធនធានធម្មជាតិដែលមាននៅក្នុងមូលដ្ឋានទៀតផង។

ជាមួយគ្នានេះ តួទំនប់បានក្លាយជាផ្លូវសម្រាប់ធ្វើដំណើរនៅតាមបណ្តោយជើងភ្នំក្នុងមូលដ្ឋានទៅកាន់ទីប្រជុំជន និងទីរួមខេត្តបានយ៉ាងល្អប្រសើរ។ គម្រោងនេះក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតផងដែរ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។

ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រប៉ែកខាងលិចរាជធានីភ្នំពេញ។ ទំនប់អាងទឹកនេះ មានសក្តានុពលស្តុកទឹកបានប្រមាណ ៤លានម៉ែត្រគូប ហើយមានតួនាទីស្ទាក់ទឹកសាបហូរមកពីជ្រលងភ្នំ និងពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ២៧៥ហិកតាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)