TNAOT News

· 10-09

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤

#ហ៊ុន ម៉ាណែត# #ប៉ែន បូណា# #អ៊ិន សុភិន# #សង្គម# #ព័ត៌មានសង្គម# #ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ# #ក្រសួងទេសចរណ៍# #ព្រឹត្តិការណ៍សំខាន់#

6135

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ជំនួបរវាងសម្តេចធិបតី និងនាយករដ្ឋមន្ត្រីឡាវ​ វៀតណាម ក្នុងជំនួបអាហារពេលព្រឹកការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបអាហារពេលព្រឹកការងារ។

២.ការបូកសរុបដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ដំណើរការសំណេរនាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ពេលព្រឹកមានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា (ថ្នាក់វិទ្យាសាស្ត្រ) និងគណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា (វិទ្យាសាស្ត្រសង្គម) បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

៣, ឯកឧត្តម ប៉ែន បូណា៖ តើពួកគេចង់ផ្តល់គំរូអ្វីឱ្យពិតប្រាកដដល់កម្ពុជា?

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលបានរំដោះជីវិតខ្មែរឲ្យរួចផុតពីការកាប់សម្លាប់ស្ទើរផុតពូជរហូតនាំប្រទេសមកដល់សម័យកាលសម្បូរសប្បាយដូចបច្ចុប្បន្ន ខណៈមានការលើកឡើងថា សិទ្ធិមនុស្សនៅកម្ពុជាដើរថយក្រោយ។

៤. ក្រសួងទេសចរណ៍ បដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand

ក្រសួងទេសចរណ៍ បានចេញសេចក្តីប្រកាសបដិសេធ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន The Nation Thailand បានចុះផ្សាយព័ត៌មានតាមបណ្តាញសង្គម បានលើកឡើងថា «មូលហេតុមួយនៃការលុបចោលកម្មវិធី Miss Grand International ២០២៤នៅកម្ពុជា បណ្ដាលមកពី ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ មិនបានចូលរួមសន្និសីទកាសែតក្នុងកម្មវិធីនេះ»។

៥.មហាជនប្រតិកម្មនឹងលោក អ៊ិន សុភិន អតីតម្ចាស់ MGC យល់ព្រមបញ្ជូនបវរកញ្ញាទៅប្រកួតតាមការស្នើសុំរបស់ លោក ណាវ៉ាត់

ក្រោយពីម្ចាស់ស្ថាប័ន Miss Grand International លោក Nawat បានផ្សាយផ្ទាល់បកស្រាយនូវបញ្ហាដែលបានកើតឡើងជាមួយស្ថាប័ន Miss Grand Cambodia ក្នុងនោះ លោក Nawat បានបង្ហាញឆាតរវាងលោក និងអតីតអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភីន ដែលយល់ព្រមរកបេក្ខភាពបវរកញ្ញាតំណាងកម្ពុជាថ្មី ទៅចូលរួមប្រកួតនៅប្រទេសថៃ ធ្វើឲ្យមហាជនខ្មែរប្រតិកម្មយ៉ាងខ្លាំង។

៦.អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល បញ្ជាក់ថា ករណីគេផ្ទេរប្រាក់ច្រលំ គេចវេសមិនព្រមសងម្ចាស់ដើមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ

មន្ត្រីជំនាញ នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និង​ផ្សព្វផ្សាយ​អប់រំ បានធ្វើការស្រាវជ្រាវ​ ករណីទទួលប្រាក់​ (ផ្ទេរច្រឡំ​)​ តាមប្រព័ន្ធ​ធនាគារ​ និងគេចវ៉េសសងម្ចាស់ដេីមវិញ គឺជាអំពើលួចទ្រព្យសម្បត្តិរបស់បុគ្គលដទៃ។

៧. ដំណើរការស្ថានីយបូមទឹកស្វាយប៉ាក អាចនឹងកាត់បន្ថយទឹកលិចនៅតំបន់ខាងជើងរាជធានីភ្នំពេញ

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថានៅ​ថ្ងៃ​ស្អែក​នេះ​នឹង​ដាក់​ដំណើរការ​ស្ថានីយ​បូមទឹក​ស្វាយប៉ាក​មួយ​កន្លែងដោយ​សង្ឃឹមថា ស្ថានីយ​មួយ​នេះ​នឹង​អាច​រំដោះ​ទឹក​លិចលង់​នៅ​ខាងជើង​រាជធានី​ភ្នំពេញ។ 

៨. ទូតកម្ពុជាអំពាវឲ្យពលរដ្ឋកម្ពុជានៅប្រទេសថៃប្រុងប្រយ័ត្នខ្ពស់ ដោយសារតែកម្រិតទឹកទន្លេចៅប្រៈយ៉ានឹងកាន់តែឡើងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ ជូនដំណឹងដល់ពលរដ្ឋកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃទាំងអស់ អំពីបញ្ហាទឹកជំនន់នៅក្នុងប្រទេសថៃ ជាពិសេសតាមបណ្ដាខេត្តមួយចំនួនដែលមានពលករកម្ពុជាកំពុងធ្វើការ។

៩. រថយន្ដដឹកកម្មកររោងចក្រ បុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យក្រឡាប់និងរបួសធ្ងន់ច្រើននាក់នៅស្រុកភ្នំស្រួច

ឧបទ្ទវហេតុមួយបានកើតឡើងដោយមានរថយន្តដឹកកម្មកររោងចក្រមួយគ្រឿង បានបុកចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ហើយក្រឡាប់ បណ្តាលឱ្យកម្មករជាច្រើននាក់រងរបួស និងជាប់ក្នុងរថយន្ត កាលពីវេលាម៉ោងប្រមាណ ៦ និង១៥នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅចំនុចក្លោងទ្វារវត្តដំណាក់ត្រាច ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

១០. អភិបាលខេត្តព្រះសីហនុ ផ្តល់រង្វាន់លើកទឹកចិត្តម៉ូតូ ១គ្រឿង ចំពោះបេក្ខជន ប្រឡងបាននិទ្ទេស A

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា បេក្ខជនណាដែលបាននិទ្ទេស A រដ្ឋបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្តនូវម៉ូតូ ចំនួន ១គ្រឿង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស