Cambo-China

· 09-28

គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន

#សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

3112

សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ដែលតាមរយៈការចុះហត្ថលេខានេះ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមី របស់កម្ពុជាអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។ នេះបើយោងតាមក្រសួងព័ត៌មាន។ប្រធានសមាគមត្រចៀកកាំខ្មែរ លោក ស៊ុយ កុកធាន បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅលើកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញឱ្យបានឆាប់លើផលិតផលគ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា ខណៈទីផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន។

លោក ស៊ុយ កុកធាន មានសុទិដ្ឋិនិយមថាតាមរយៈអនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចមានការឡើងថ្លៃមិនខាន ដោយសារតែអាចនាំចេញទៅប្រទេសចិនបានដោយផ្ទាល់មិនឆ្លងកាត់ប្រទេសទី៣ ខណៈទីផ្សារបច្ចុប្បន្ន សម្រាប់សំបុកត្រចៀកកាំដែលមិនទាន់កែច្នៃភាគច្រើននាំចេញទៅដោយផ្ទាល់ទៅកាន់ប្រទេសវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។ទន្ទឹមនោះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានបង្ហាញការកត់សម្គាល់ ពាក់ព័ន្ធទៅនឹងការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ថា ភាគច្រើនគឺមានភាពស៊ាំញាំ និងស្មុគ្រស្មាញ ដែលធ្វើឱ្យកសិផលមួយចំនួនត្រូវបង្ខំចិត្តឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូលទៅទីផ្សារប្រទេសចិនបាន។

តាមរយៈការចុះអនុស្សរណៈនេះ ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា អាចនឹងនាំចូលក្នុងខេត្តគ័ងស៊ី ប្រទេសចិនបានដោយផ្ទាល់ មិនចាំបាច់ឆ្លងកាត់ប្រទេសទី៣ទៀតទេ ហើយក៏អាចជំរុញឱ្យកសិករដែលជាអ្នកផលិតទទួលបានចំណូលច្រើនជាងមុន៕

សម្របសម្រួលដោយ៖ ផល្លីកា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស