TNAOT News

· 2024-08-01

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤

#ក្រសួងព័ត៌មាន# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម# #អាជ្ញាធរជាតិអប្សរា#

6945

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃនេះរួមមាន៖​ 

១. សម្តេចធិបតី៖ ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ

សម្តេចធិបតី បានបញ្ជាក់ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ ។ ភស្តុតាងជាច្រើនទសវត្សរ៍ បានបង្ហាញយ៉ាងច្បាស់ថា សមភាពយេនឌ័រ មិនមែនគ្រាន់តែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជាជន្ទល់រឹងមាំ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាផងដែរ ។ 

២. រាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យមានការឈប់សម្រាកនៅថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ

រាជរដ្ឋាភិបាលកម្ពុជាចេញប្រកាសសារាចរស្តីពី ការអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកក្នុងឱកាសចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។

៣. ដោយសារស្ថានភាពភូមិសាស្ត្រលំបាក និងស្ថានភាពសពសពអាកាសយានិក ០២រូប បានបូជានៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា សពអាកាសយានិក២រូប ដែលស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។

៤. ប្រទេសចិនខាតបង់សេដ្ឋកិច្ចប្រហែល ៨៤៧ លានដុល្លារដោយសារព្យុះទីហ្វុង Gaemi 

ភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់ប្រជាជនចំនួន ១.១៥ លាននាក់នៅក្នុងខេត្ត Hunan ភាគកណ្តាលប្រទេសចិន ចាប់តាំងពីថ្ងៃទី ២៦ ខែកក្កដា ដែលនាំឱ្យខាតបង់សេដ្ឋកិច្ចប្រហែល ៦.១៣ ពាន់លានយន់ ដែលស្មើនឹង ៨៤៧ លានដុល្លារ ។

៥. ការបះបោរប្រឆាំងនៅវ៉េណេស៊ុយអេឡា បានសម្លាប់ប្រជាជន ១១នាក់ និងច្រើនរយនាក់ត្រូវឃាត់ខ្លួន

ការរិះគន់កំពុងកើនឡើងប្រឆាំងនឹងមេដឹកនាំផ្តាច់ការវេណេស៊ុយអេឡាលោក Nicolás Maduro បង្កឲ្យកើតមានការតវ៉ាដ៏ខ្លាំងក្លាបានផ្ទុះឡើងនៅទូទាំងប្រទេស ក្រោយពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលប្រជាជនគិតថាការបោះឆ្នោតនេះជាការបោកប្រាស់ និងគេងបន្លំសន្លឹកឆ្នោត។  

៦. កីឡាការិនីគុនដាវអេហ្ស៊ីប បានសារភាពថាមានផ្ទៃពោះ៧ខែ អំឡុងចូលរួមប្រកួតអូឡាំពិក នៅប៉ារីស

កីឡាការិនីគុនដាវអេហ្ស៊ីប Nada Hafez បានសារភាពថាអ្នកនាងមានផ្ទៃពោះ៧ខែ អំឡុងការប្រកួតក្នុងជំនួបទី២របស់ខ្លួន ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីពេលថ្មីៗនេះ។ គោលបំណងចម្បងរបស់អ្នកនាង គឺចង់ប្រាប់ពិភពលោកថា «នេះជាការតស៊ូរបស់ស្ត្រីអេហ្ស៊ីប»។

៧. អាជ្ញាធរជាតិអប្សរា កំពុងយកចិត្តទុកដាក់ជួសជុលពង្រឹងខឿនជើងជញ្ជាំងជុំវិញប្រាសាទភ្នំក្រោម

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គបណ្ណាល័យសង់ពីឥដ្ឋនៅជ្រុងឦសានរបស់ប្រាសាទភ្នំក្រោមដើម្បីទប់ស្កាត់ការខូចខាត និងពង្រឹងភាពរឹងមាំឱ្យគង់វង្សយូរអង្វែងបន្តទៀត។

៨. ជំនន់ទឹកភ្លៀងនៅតែមានសន្ទុះកើនឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

កម្ពស់ទឹកតាមដងស្ទឹងសែននៅថ្ងៃនេះក្នុងស្ថានីយ៍ស្រុកសណ្ដាន់ មានកម្ពស់ ១៩.២២ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៨.៥០ម៉ែត្រ និងស្ថានីយស្ទឹងសែន មានកម្ពស់ទឹក ១៣.៧៥ម៉ែត្រ ប្រកាសប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ តាមការសន្និដ្ឋានកម្ពស់ទឹករយៈពេលបីថ្ងៃខាងមុខ នឹងនៅបន្តកើនឡើងបន្ថែមទៀត ដូច្នេះសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នផងដែរ។

៩. ក្រសួងព័ត៌មាន ស្នើឲ្យមានការផ្សព្វផ្សាយឲ្យទូលំទូលាយអំពីពិធីបើកការដ្ឋានព្រែកជីកហ្វូនណនតេជោ

ក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ផ្សព្វផ្សាយឱ្យបានផុលផុសអំពីអត្ថប្រយោជន៍ និងទស្សនីយភាពនានាពាក់ព័ន្ធនឹងការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

១០. ការធ្វើដំណើរតាមកាណូត ពីបាត់ដំបង ទៅសៀមរាប បានបើកឡើងវិញ

សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងធ្វើដំណើរតាមកាណូត ពីបាត់ដំបង ទៅសៀមរាប ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនទូកទេសចរណ៍ និងបើកដំណើរការឡើងវិញ។ ភ្លៀវទេសចរ អាចរកទិញសំបុត្របាន នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានផ្តល់សេវានេះ រឺអាចរកទិញសំបុត្រផ្ទាល់នៅ ភ្នាក់ងារលក់សំបុត្ររបស់ក្រុមហ៊ុន Angkor Express Boat និង CHANN-NA Express Boat ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស