TNAOT News
· 07-10
«សួនរុក្ខជាតិអង្គរ» ទទួលបានពាន Traveller's Choice Awards Winner 2024
#Traveller's Choice Awards Winner 2024# #TripAdvisor# #NEW NEWS# #សង្គម# #សួនរុក្ខជាតិអង្គរ# #ព័ត៌មានសង្គម#
5474
«សួនរុក្ខជាតិអង្គរ» ទទួលបានពាន Traveller's Choice Awards Winner 2024 ពីគេហទំព័រទេចរណ៍ដ៏ល្បីឈ្មោះ TripAdvisor នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២៤នេះ។
«សួនរុក្ខជាតិអង្គរ» មានទីតាំងស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ដំបូងឡើយសួននេះមានឈ្មោះថា «សួនគ្រឿងទេស» បង្កើតឡើងពីឆ្នាំ២០០៥ ក្នុងផ្ទៃដីប្រមាណ ២ហិកតាប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ ២០១៨ មកសួននេះត្រូវបានរៀបចំកែលម្អ និងពង្រីករហូតដល់ជាង ១៥ហិកតា ក្នុងគោលបំណងចង់ឃើញសួនមានភាពទាក់ទាញ និងសក្តានុពលខ្លាំងជាងមុន សម្រាប់ឱ្យប្រជាជន និងទេសចរចូលលេងកម្សាន្ត។
បន្ទាប់ពីបានបើកសម្ពោធជាផ្លូវការកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ «សួនរុក្ខជាតិអង្គរ» បានក្លាយជាសមិទ្ធផលទេសចរណ៍បន្ថែមនៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើងដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថាជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ដោយសារតែសួននេះស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើ និងមានសួនសត្វជាច្រើនប្រភេទដូចជា អណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបជាដើម។
កាលពីខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានគម្រោងពង្រីកសួនរុក្ខជាតិអង្គរ នេះរហូតដល់ទំហំជាង ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវ និងស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិផងដែរ៕ប្រែសម្រួលដោយ៖ Puthseyha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)