TNAOT News

· 07-09

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤

#ខេត្តតាកែវ# #ព្រះមហាក្សត្រ# #ក្រសួងសុខាភិបាល# #សង្គម# #វត្តអារាម# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#

7222

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី “រុក្ខទិវា” នៅខេត្តតាកែវ

នៅព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជា​​ណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅខេត្តតាកែវ (០៩ កក្កដា ១៩៥២- ៩កក្កដា ២០២៤) ។

២. តាមទីវត្តអារាមទាំងអស់ ត្រៀមរៀបចំវាយគង ជួង ទូងស្គរ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

ក្រសួងធម្មការ និងសាសនា ណែនាំដល់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត រៀបចំវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមវត្តអារាមសាសនាទាំងអស់ ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

៣. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់រដ្ឋបាលខេត្តទាំងអស់ សើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង និងព្រមានដល់ជនឈរពីក្រោយបទល្មើសធនធានធម្មជាតិ ប្រញាប់ដកខ្លួន

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។

៤. ក្រសួងសុខាភិបាល អំពាវនាវប្រជាពលរដ្ឋកុំបរិភោគត្រីក្រពតដែលមានជាតិពុល

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ការបញ្ហាសុខភាពបណ្តាលមកពី ការពុលដោយបរិភោគត្រីក្រពត បន្ទាប់ពីមានករណីពុលត្រីក្រពតចំនួន៧នាក់ នៅខេត្តកំពង់ឆ្នាំងត្រូវបាន ជួយសង្គ្រោះទាន់ពេលវេលា។ ប៉ុន្តែនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់ នៅខេត្តឧត្តរមានជ័យ បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅ ខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ (បុរសនេះមិនមែនក្នុងចំណោមករណីទាំង៧ នាក់មុនទេ)។

៥. វឌ្ឍនភាព នៃគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)

នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា​ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៤នេះ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦២,១១%ហើយ។

៦. ជនសង្ស័យ ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈពាក់ព័ន្ធនឹងបទល្មើសចំនួន ៣ករណី

ជនសង្ស័យចំនួន ១៥នាក់ ត្រូវបាននគរបាលរាជធានីភ្នំពេញ ធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជាសាធារណៈ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ កាច់ករម៉ូតូ ប្រដាប់អាវុធ និងករណីទម្លាក់យោងយកទ្រព្យសម្បត្តិពលរដ្ឋ។

៧. រយៈពេល៦ខែ ឆ្នាំ២០២៤នេះ អង្ករជាង៣៣ម៉ឺនតោនត្រូវបាននាំចេញតាមរយៈក្រុមហ៊ុនចំនួន៥១ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុប

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៣៣៨ ៦៥៤ តោន ទទួលបានទឹកប្រាក់ចំនួនជាង២៤៧ លានដុល្លារ និងនាំចេញស្រូវជាង២.៥លានតោន ទទួលបានទឹកប្រាក់ជាង៧២៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលក្រុមការងារក្រសួងព័ត៌មានទទួលបាននៅថ្ងៃទី៩ ខែកក្កដានេះ។

៨. ចិន បញ្ចេញថវិកាជាតិបន្ថែមដើម្បីជួយសង្គ្រោះទឹកជំនន់ក្នុងប្រទេស

ក្រសួងហិរញ្ញវត្ថុចិន (MOF) បាននិយាយ នាថ្ងៃអង្គារ (ម៉ោងនៅក្នុងស្រុក) នេះថា ប្រទេសចិន បានបែងចែកប្រាក់បន្ថែមប្រមាណ ១១៨.៩លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទឹកជំនន់ក្នុងតំបន់។

៩. មនុស្ស ៤១នាក់ស្លាប់ ក្រោយរុស្ស៊ីបើកការវាយប្រហារដោយកាំជ្រួចលើមន្ទីរពេទ្យកុមារនៅអ៊ុយក្រែន

ប្រទេសរុស្ស៊ី បានបំផ្ទុះមន្ទីរពេទ្យកុមារដ៏សំខាន់មួយនៅទីក្រុង Kyiv ដោយកាំជ្រួចក្នុងអំឡុងថ្ងៃ កាលពីថ្ងៃចន្ទ (ម៉ោងក្នុងស្រុក) ហើយក៏បានបាញ់ឆ្ពោះទៅលើទីក្រុងផ្សេងៗទៀតនៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិលរហូតដល់ទៅ ៤១នាក់ នៅក្នុងការវាយប្រហារតាមអាកាសដ៏សាហាវបំផុតអស់រយៈពេលជាច្រើនខែមកនេះ។

១០. ព្យុះសង្ឃរា Beryl បានសម្លាប់មនុស្ស៣នាក់ និងផ្តាច់ចរន្តអគ្គិសនីប្រើប្រាស់តាមផ្ទះ ២.៧ លានខ្នងនៅក្នុងរដ្ឋតិចសាស់

ព្យុះសង្ឃរា Beryl បានបក់បោក និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងមកកាន់ភាគអាគ្នេយ៍នៃរដ្ឋតិចសាស់កាលពីថ្ងៃចន្ទ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ផ្លូវជាច្រើននៅតាមតំបន់ក្នុងរដ្ឋតិចសាល់ត្រូវជន់លិច និងផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន ជើងហោះហើរជាង ១,៣០០ ត្រូវលុបចោល និងផ្តាច់ចរន្តអគ្គិសនីតាមផ្ទះ និងតាមហាងអាជីវកម្មជាង ២.៧ លានខ្នងផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស