TNAOT News

· 06-09

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤

#ក្រសួងអប់រំ យុវជន និងកីឡា# #​ផ្លូវ​រថភ្លើង# #ក្រសួងពាណិជ្ជកម្ម# #សង្គម# #ព័ត៌មានសង្គម# #សហព័ន្ធប្រដាល់គុនខ្មែរ#

7996

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរ ចំពោះមន្ត្រី ៥ រូបដែលយកលុយពីម្ចាស់ទំនិញនៅផ្សាររមាស

កាលពីពេលថ្មីៗនេះមានមន្ត្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង ចំនួន ៥រូប បានចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយពុំបានអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីនៃការពិន័យអន្តការណ៍ ដែលជាការប្រព្រឹត្តខុសនីតិវិធីច្បាប់ជាធរមាន។ ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរ ចំពោះមន្ត្រី ទាំង ៥រូប ស្របតាមបញ្ញត្តិនៃច្បាប់និងតាមទោសកំហុសដែលបានប្រព្រឹត្ត។

 

២. ក្រុមហ៊ុន Royal Railway Cambodia ចាប់ផ្តើមដំណើរការសាកល្បងរថភ្លើងប្រភេទ Kiha-183 ដែលទិញមកពីជប៉ុន

រថភ្លើង៤គ្រឿង ក្នុងចំណោម ១១ គ្រឿង ដែលក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានទិញពីជប៉ុន បើកបរធ្វើតេស្តសាកល្បងនៅថ្ងៃនេះ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ។

៣. ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសមិនស្វាគមន៍កីឡាករ Dave Leduc ឡើងសង្វៀននៅកម្ពុជា

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ខូវ ឆាយ ប្រកាសមិនស្វាគមន៍កីឡាករ ដាវ លីឌុច ឡើងសង្វៀននៅកម្ពុជាឡើយ បន្ទាប់ពីលោកសង្កេតឃើញទង្វើមិនគប្បីរបស់កីឡាកររូបនេះកន្លងមក។

៤. រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញដីកាស្ដីពីការប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

រដ្ឋបាលខេត្តកំពង់ស្ពឺ បានសម្រេចប្រកាសបដិសេធ និងដកហូតដីព្រៃឈើ ដែលទទួលរងនូវការកាន់កាប់ យកដីរបស់រដ្ឋ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ដោយខុសច្បាប់ លើទីតាំងដីចំនួន០៣កន្លែង ដែលមានផ្ទៃដីសរុប ៣៤៣៤ហិកតា (បីពាន់បួនរយសាមសិបបួនហិកតា) ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

៥. ក្រសួងអប់រំតម្រង់ទិស ស្តីពីការអនុវត្តយន្តការគាំទ្រស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី “ការអនុវត្តយន្តការគាំទ្រស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៤” នៅវិទ្យាស្ថានជាតិអប់រំថា ដើម្បីឱ្យការអនុវត្តស្តង់ដាសាលគំរូមានប្រសិទ្ធភាពខ្ពស់ គួរបង្កើតឱ្យមានបណ្ដាញនាយកសាលា ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រពីឧត្តមានុវត្តន៍គ្នាទៅវិញទៅមក។

៦. មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ៨នាក់ ជាមួយគ្រឿងញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម

កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាង១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម ស្ថិតនៅ៤គោលដៅ ឃាត់ខ្លួនជនល្មើសជនជាតិវៀតណាម ៨នាក់ ។



៧. រដ្ឋមន្រ្តីបរិស្ថាន៖ លទ្ធផលសម្រេចបានកន្លងមក គឺជាការបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យ នៃវិធានការការពារបរិស្ថានកម្ពុជា

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា លទ្ធផលសម្រេចបានកន្លងមក គឺជាការបញ្ជាក់យ៉ាងច្បាស់ ពីភាពជោគជ័យ នៃវិធានការការពារបរិស្ថានកម្ពុជា។

៨. គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ០៤គ្រាប់កម្លាំងជំនាញ សហការជាមួយ CMAC ចុះប្រមូលនៅក្រុងតាខ្មៅ

កម្លាំងការិយាល័យជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល បានសហការជាមួយ CMAC ចុះប្រមូលគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចំនួន ០៤គ្រាប់ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ។ ប្រភេទ ៖គ្រាប់ Launcher Grenade 40mm HE M-381 US = 04 បានប្រគល់ជូនកម្លាំងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដើម្បីយកទៅកំទេចចោល។

៩. សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ចាត់ការលើសំណុំរឿងក្មេងទំនើង៦ ករណី ដែលមានជនសង្ស័យ ៣៧នាក់

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឱ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ថា សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៦ករណី ដែលមានជនសង្ស័យចំនួន ៣៧នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២៩នាក់ និងជនសង្ស័យចំនួន ៨នាក់បានរត់គេចខ្លួន។

១០.គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខ

ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្តី្រក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ទីប្រឹក្សាគម្រោង ក្រុមហ៊ុនម៉ៅការសាងសង់ និងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើននាក់ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស