Cambo-China

· 05-28

ឯកឧត្តម វ៉ាង យី សន្យាលើកទឹកចិត្តសហគ្រាសចិន ឲ្យពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀត

#សហគ្រាសចិន# #ប្រទេសកម្ពុជា# #ឯកឧត្តម វ៉ាង យី# #កសិកម្ម# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

4222

ឯកឧត្តម វ៉ាង យី សន្យាលើកទឹកចិត្ត ក្រុមហ៊ុន និងសហគ្រាស ចិនឱ្យធ្វើការវិនិយោគនៅកម្ពុជា និងពង្រីកការនាំចូលផលិតផលកសិកម្មពីកម្ពុជា ថែមទៀត ភាគីទាំងពីរក៏បានឯកភាពផងដែរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ និង មានសក្តានុពលដូចជា អប់រំ ទេសចរណ៍ កសិកម្មទំនើប ការតភ្ជាប់ សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត។

នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ច ការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងប្រកបដោយផ្លែផ្កា នៅសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ឯកឧត្តម វ៉ាង យី ក៏ស្វាគមន៍សំណើរបស់ ឯកឧត្ដម សុខ ចិន្តាសោភា ឱ្យភាគីចិនសិក្សាលទ្ធភាព ពង្រីក ឬបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមទៀតនៅកម្ពុជា និងផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅ បង្កើនចំនួនកម្លាំងពលកម្មជំនាញនៅកម្ពុជា និងបញ្ជាក់ពីការបន្តគាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធំៗនៅកម្ពុជា រួមមានផ្នែកដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធស្រោយស្រព និងប្រព័ន្ធធារាស្ត្រ រួមទាំងគម្រោង គ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលមានសារសំខាន់ជាយុទ្ធសាស្ត្រដោយចិនមានបទពិសោធន៍ ជោគជ័យជាយូរមកហើយលើវិស័យទាំងនេះ។

បន្ថែមពីនេះ ឯកឧត្តម សុខ ចិន្តាសោភា និង ឯកឧត្តម វ៉ាង យី ក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈជាមួយគ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម ហើយបានអះអាងជាថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី រួមមានអាស៊ាន-ចិន មេគង្គ-ឡានឆាង និង អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស