TNAOT News

· 05-24

សត្វខ្លាធំទាំង៤ក្បាលដែលយកពីឥណ្ឌា នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ

#តំបន់ជួរភ្នំក្រវាញ# #NEW NEWS# #សត្វខ្លាធំ# #សង្គម# #ព័ត៌មានសង្គម#

7521

សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ គឺមានឈ្មោលចំនួន ១ក្បាល និងញី ៣ក្បាល ហើយបើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន៤ក្បាល ដែលនឹងមកដល់ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែម។ សត្វខ្លាធំទាំង៤ក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ 

សត្វខ្លាធំដែលគ្រោងលែង ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទង លើសត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបាន គឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។

គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំនៅកម្ពុជា។ នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានឱ្យដឹងថាការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។ យ៉ាងណាក្តីការប្រគល់ខ្លាមកកម្ពុជានេះ វាអាចពន្យាពេលយូរជាងនេះបន្ថែមទៀត ក៏អាចថាបាន អាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀតផងដែរ ៕ 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស