TNAOT News

· 03-25

រកពេលសម្រាកសឹងមិនបានទេ! ប្រឹងប្រែងរែកនំបញ្ចុកលក់ពីរដងក្នុងមួយថ្ងៃដើម្បីតែកូនប្រុសតែម្នាក់….

#អ្នកមីង​ រ៉ន បុរី# #ស៊ូ-ស៊ូ Fighting# #សង្គម# #លក់នំបញ្ចុក# #ព័ត៌មានសង្គម#

7575

ការរែកលក់នំបញ្ចុកតាមដងផ្លូវសាធារណៈ គឺជាមុខរបរមួយពេញនិយម​ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនបានចាប់យករបរលក់នំបញ្ចុកនេះជាទឹកសម្លខ្មែរ និងទឹកសម្លការី កើតមានច្រើនសឹងគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះដែរ យើងក៏បានឃើញនៅតាមដងផ្លូវ សម្បូរទៅដោយអ្នកលក់តាមម៉ូតូ តាមរទះរុញ ចំណែកការលក់ខ្លះទៀតក៏ឃើញមានមីងៗដែលមានវ័យកណ្តាល ឬវ័យចំណាស់បានរែកដើរលក់តាមដងផ្លូវសាធារណៈ ដោយមានរែកអម្រែកនៅលើស្មា មួយចំហៀងមានក្អមដាក់ទឹកសម្លរប្រហើរ ឬសម្លរការី និងមួយចំហៀងទៀតសម្រាប់ដាក់បន្លែ និងគ្រឿងគ្រប់មុខសម្រាប់លក់ដូរប្រចាំថ្ងៃ។

ក្រលេកមកអ្នកមីង​ រ៉ន បុរី មានអាយុ ៣៨ឆ្នាំ មកដល់ពេលបច្ចុប្បន្ននេះរែកលក់នំបញ្ចុកនៅព្រឹកព្រលឹមម្តង និងរសៀលម្តងប្រហែលជាង ១០ឆ្នាំមកហើយ ការប្រកបរបរនេះ អ្នកមីង ត្រូវងើបពីសម្រាន្តតាំងពីម៉ោង ៤ទៀបភ្លឺ ដើម្បីរៀបចំបន្លែ និងគ្រឿងគ្រប់មុខ ក៏ដូចជាទឹកសម្លប្រហើរសម្រាប់ចេញមកលក់នៅម៉ោង ៦ព្រឹក នាខាងក្រៅរបងមន្ទីរពេទ្យ​គន្ធបុប្ផាទី២ លុះដល់ម៉ោង ៩កន្លះ ទើបអ្នកមីងត្រឡប់ទៅបន្ទប់ជួលនៅក្បែរនោះវិញ ដើម្បីត្រៀមរៀបចំបន្លែ និងទឹកសម្លប្រហើរ បន្ថែម ទុកសម្រាប់ចេញមកលក់នៅម៉ោង ២រសៀលម្តងទៀត។​ ក្នុងរយៈពេលលក់ដូរ២៤ម៉ោងរបស់អ្នកមីង បុរី ហាក់មានភាពមមាញឹកជាពន់ពេក ស្ទើរតែដកឃ្លាមកសម្រាកក៏មិនបានផង ដោយក្នុងមួយថ្ងៃៗអ្នកមីង សម្រាកបានតែ ៤ ទៅ៥ម៉ោងតែប៉ុណ្ណោះ។ ហើយសកម្មភាពដ៏មមាញឹកក្នុងរយៈពេលជាង១០ឆ្នាំមកនេះ មិនបានធ្វើឲ្យអ្នកមីងមានជីវភាពធូធារដូចជីវិតរបស់អ្នកដទៃឡើយ ពីព្រោះសព្វថ្ងៃគឺវាពិបាកប្រកបរបរនេះណាស់ ដោយសារតែវិបត្តិសេដ្ឋកិច្ចខាងក្រៅមានការធា្លក់ចុះ ហើយប្រាក់កម្រៃដែលលក់បានពីព្រឹកផង និងរសៀលផងនោះ គឺចំណេញបានតែ៥ទៅ៦ម៉ឺនតែប៉ុណ្ណោះ ពោលគឺអាចផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃបានត្រឹមតែសមល្មមនោះទេបើនិយាយថាឲ្យសល់ជាដុំកំភួនគឺមិនមានឡើយ។ រាល់ថ្ងៃនេះអ្នកមីងរងនូវអាការៈចុករោយស្មាក៏ព្រោះតែរែកនំបញ្ចុកធ្ងន់ៗ ជើងក៏ស្ពឹកស្រពន់ក៏ព្រោះតែដើររហូតពីផ្ទះមកដល់កន្លែងតាំងលក់ដែរ ប៉ុន្តែអ្នកមីងមិនដែលត្អូញត្អែរសូម្បីតែមួយម៉ាត់ ណាមួយក៏មិនដឹងថា ត្រូវនិយាយប្រាប់អ្នកណាដែរ បើរស់នៅក្នុងបន្ទប់ជួលតែម្នាក់ឯងនោះដោយមិនមានស្វាមីនៅក្បែរខ្លួនសម្រាប់ជាខ្នងបង្អែកក្នុងគ្រួសារឡើយ ពោលអ្នកមីងបានលែងលះជាមួយស្វាមីយូរឆ្នាំណាស់មកហើយ ប៉ុន្តែបានបន្សល់នូវកូនប្រុសអាយុ១៨ឆ្នាំមួយរូបនៅក្នុងបន្ទុក តែរូបគេមិនបាននៅក្បែរខ្លួនម្តាយឡើយ ត្រូវតម្រូវឲ្យនៅផ្ទះជាមួយអ៊ំប្រុស-ស្រី នៅស្រុកកំណើតដើម្បីបានសិក្សារៀនសូត្របន្ត។

អំឡុងពេលដែលក្រុមការងារសារព័ត៌មាន TNAOT បានជួបសម្ភាសន៍អ្នកមីងផ្ទាល់ អ្នកមីងក៏ប្រាប់ពីមហិច្ឆតាដ៏ធំបំផុតដែលអាចជម្រុញកម្លាំងចិត្ត និងកម្លាំងកាយរបស់អ្នកមីងបានមកដល់ជាង ១០ឆ្នាំនេះ គឺដើម្បីកូនប្រុសតែមួយគត់របស់អ្នកមីង ហើយប្រាក់ចំណេញបន្តិចបន្តួចដែលមិនអាចសល់ជាដុំកំភួនបាននោះ ក៏ដោយសារតែអ្នកមីង ដកមួយចំណែកធំទៅផ្គត់ផ្គង់លើការសិក្សា និងការហូបចុករបស់កូនអ្នកមីងជាប្រចាំថ្ងៃ ប្រចាំខែ រីឯមួយចំណែកទៀតសម្រាប់តែបង្វិលប្រាក់ដើមលើមុខរបររបស់អ្នកមីង ក៏ដូចជាបង់ថ្លៃបន្ទប់ជួលប្រចាំខែតែប៉ុណ្ណោះដែរ។​ ដោយក្តីគោរពពីក្រុមការងារសារព័ត៍មាន TNAOTគ្មានអ្វីអាចជួយអ្នកមីងបានច្រើនទេ ក្រៅពីជួយជាវនំបញ្ចុក និងសូមផ្តល់ជាកម្លាំងចិត្តដល់អ្នកមីង​ រ៉ន បុរី ស៊ូ-ស៊ូ and Fighting ណាអ្នកមីង! យើងខ្ញុំសូមជូនពរឲ្យអ្នកមីង លក់ដូរកាន់តែដាច់ខ្លាំងឡើងមួយកម្រិតទៀត និងមានម៉ូយជួយទិញកាន់តែច្រើនឡើងៗផងដែរ អំពើល្អមិនសាបសូន្យ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)