រឿងនិទានខ្មោចពិត

· 2024-01-02

រឿង ផ្ទះសំណាក់ថ្មី

#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឿងខ្មោច#

3807

រឿងនេះបានកើត​ឡើង​អំឡុងឆ្នាំ២០១៥ ខណៈពេលដែលខ្ញុំបានឡើងទៅភ្នំពេញ​ដើម្បីទៅចូលរួមវគ្គបណ្ដុះបណ្ដាលផ្ទៃក្នុងរយៈពេល​១សប្ដាហ៍ ។ ខ្ញុំជាអ្នកនៅជនបទ មិនដែលស្គាល់ក្រុងភ្នំពេញទេ សូម្បីតែពេលឆ្លងផ្លូវម្ដងៗ ត្រូវចំណាយពេលយូរណាស់ ខ្ញុំចេញទៅពីខេត្តតែម្នាក់ឯងទេ កាលណោះខ្ញុំជិះឡានក្រុងសូរិយា បេននៅម្ដុំផ្សារធំថ្មី ។ ក្រោយពីពេលធ្វើដំណើរទៅដល់រាជធានីភ្នំពេញ ខ្ញុំបានរកតុតុ ដើម្បីរកផ្ទះសំណាក់នៅក្បែរក្រសួងសម្រាក ងាយស្រួលចេញចូលទៅរៀន ខ្ញុំស្វែងរកចុះស្វែងរកឡើង ក៏ឃើញផ្ទះសំណាក់មួយនៅផ្លូវតូច៣ជួរក្រោយផ្លូវជាតិ ឃើញថាកំពុងតែសាងសង់ ក៏ចុះទៅសួរម្ចាស់ផ្ទះ៖

-      សួស្ដីបង ! ផ្ទះសំណាក់បងបើកទទួលភ្ញៀវឬនៅ? (ពេលនោះមានបុរសមាឌធំដំបង និងសម្បុរខ្មៅ បានចេញមក )

-      ទទួលអូន!

-      មួយយប់ប៉ុន្មានដែរបង?

-      នៅទីនេះមួយយប់តែ៥ដុល្លារទេ កង្ហារ ១០ដុល្លារសម្រាប់ម៉ាស៊ីនត្រជាក់ អូនយកមួយណា?

ហេតុតែចង់សន្សំលុយខ្លះ ខ្ញុំក៏សម្រេចចិត្តយកបន្ទប់៥ដុល្លារ ខ្ញុំក៏សម្រេចចិត្តថាសម្រាកមួយយប់សិន បើសិនជាមានផាសុកភាព ខ្ញុំនឹងកក់សម្រាក១សប្ដាហ៍តែម្ដង។ ខ្ញុំក៏​បានឥវ់ាន់ ទៅទុកក្នុងបន្ទប់ ឃើញថាបន្ទប់នៅក្លិនថ្នាំមិនស្ងួតល្អផង ប៉ុន្ដែស្អាត ខ្ញុំមិនគិតច្រើន ក៏ចូលទៅមុជទឹក រួចរៀបចំខ្លួនទៅរកហូបអី និងទៅមើលក្រសួងសិន ព្រោះលើកទី១ ទើបស្គាល់ ទៅមើលឲ្យហើយ ខ្លាចវង្វេងផ្លូវផង ។ ក្រោយពីត្រលប់មកវិញ ម៉ោងជាង៦យប់ទៅ តែដូចដឹង​ស្រាប់ហើយ ភ្នំពេញ​មិនងងឹតទេ ប៉ុន្ដែផ្លូវដែលទៅផ្ទះសំណាក់ដែលខ្ញុំសម្រាក គឺងងឹតដោយ​សារតែក្បែរនោះ មានផ្ទះខ្ពស់របងខ្ពស់ និងមានដាំដើមឈើទៀត ខ្ញុំក៏បានដើរម្នាក់ឯង ទៅផ្ទះសំណាក់ ប៉ុន្ដែមានអារម្មណ៍ថា ហាក់ដូចជាមានអ្នកដើរពីក្រោយ គិតមកដល់ចំណុចនេះ ពិតជាគួរឲ្យស្រៀវណាស់ ព្រោះល្បីថាភ្នំពេញសម្បូរចោរឆក់ ប្លន់ ឬស្ទាវៗ ព្រោះខ្ញុំមិនបាន​គិតដល់រឿងខ្មោចអីទេ ខ្លាចតែមនុស្សទេ ។ ខ្ញុំដើរបណ្ដើរឮសូរសម្រឹបជើងមនុស្សដើរពីក្រោយបណ្ដើរ ស្ទើរតែនឹងកៀកខ្លួនហើយ ខ្ញុំក៏ងាកក្រោយមើល តែពុំឃើញអ្វីសោះ ខ្ញុំក៏គិតថា ប្រហែលជាសម្លេងខ្យល់ប៉ៈនឹង​អ្វីហើយ កុំគិតច្រើនពេក ទីបំផុតខ្ញុំក៏បានមកដល់ផ្ទះសំណាក់ ។

ខណៈពេលខ្ញុំកំពុងសម្រាកម៉ោងប្រហែល១២រំលងអាធ្រាត្រ ស្រាប់តែសម្លេងក្ដុងក្ដាំង ឮសម្លេងមនុស្សស្រែកឡូឡា ដូចជាឈ្លោះគ្នាអ៊ីចឹង ខ្ញុំក៏គិតថាប្រហែលជាសម្លេងអ្នកជិតខាងទេ ប៉ុន្ដែពេលស្ដាប់យូរទៅឮខ្លាំងឡើងៗ ចេញពីបន្ទប់ទឹករបស់ខ្ញុំ ខ្ញុំក៏បើកភ្លើង ហើយបើកទ្វារបន្ទប់ទឹកមើល តែមិនឃើញមានអ្វីប្លែកទេ​ ខ្ញុំក៏បិទភ្លើងដេកបន្ដ ប៉ុន្ដែគ្រាន់តែបិទភ្នែកភ្លាម ស្រាប់តែមានសម្លេងមកខ្សឹបដាក់ក្រដាសត្រចៀកខ្ញុំថា៖

-      ហ៊ឺៗ.......ចេ...ញពីទីនេះទៅ......(ហើយស្រាប់តែឮសម្លេងសើចយ៉ាងគួរខ្លាច ពេញបន្ទប់)

ខ្ញុំក៏ស្ទុះបើកភ្លើង រួចបើកទ្វារចេញពីបន្ទប់មករកម្ចាស់ផ្ទះ ហៅយ៉ាងណាក៏គាត់មិនព្រមបើកទ្វារបន្ទប់ ខ្ញុំបល់គំនិតហើយ ចង់សួរគាត់ថាមានរឿងអីឲ្យប្រាកដ ។ ដោយអស់សង្ឃឹមខ្ញុំក៏​ត្រលប់មកបន្ទប់វិញ បើកភ្លើងរហូត ស្រាប់តែពេលនោះដាច់ភ្លើងផ្លឹប ខ្ញុំបានឃើញ​ភ្នែកមួយគូ ក្រហម ធំៗប៉ុនប៉ាល់ទាត់ គ្របដោយឈាម ហើយមានធ្មេញធំ សើចតាមបង្អួចដាក់ខ្ញុំ សំខាន់ ក្លិនស្អុយដូចគម្រង់ទៀត ណាមួយរាងខ្លាចផង ក៏រត់ទៅបើកទ្វារ តែទ្វារខ្ញុំបែរជាជាប់សោទៅវិញ ។ ខ្ញុំភ័យណាស់ក៏ស្រែកឲ្យគេជួយ ស្រែកឡើងភ្លាត់សម្លេង ប៉ុន្ដែមិនមាននរណាម្នាក់បាន​ឮនិង​ចេញមករកខ្ញុំឡើយ ។ ខ្ញុំក៏តាំងស្មារតី បើកទ្វារ ទាញផង ទាត់ផង ទីបំផុត ខ្ញុំធ្វើបានសម្រេច ខ្ញុំរត់ចេញមកខាងក្រៅ ហើយងាកមើលទៅផ្ទះសំណាក់នោះ ឃើញថាមានសភាពចាស់​ទ្រុឌទ្រោមខ្លាំងណាស់​ បន្ទប់ខ្លះត្រូវបានគេវាយបំផ្លាញទៅហើយ ខ្ញុំក៏ឆ្ងល់ខ្លួនឯងថា ម៉េចពីពេលថ្ងៃខ្ញុំឃើញផ្ទះនេះស្អាតម្ល៉េះ ហើយក៏មិនចាប់អារម្មណ៍ថាពេលដែលខ្ញុំមករកបន្ទប់ជួល​ពុំមានឃើញភ្ញៀវណាម្នាក់មកទេ សូម្បីតែតាមផ្លូវក៏ស្ងាត់មនុស្សដែរ ភ្លាមៗនោះសម្លេងឆ្កែលូយ៉ាងខ្លាំង ខ្យល់ត្រជាក់ស្រឹប ខ្ញុំញ័រអស់ទាំងខ្លួន នៅពេលអ្វីម្យ៉ាងកំពុងនៅពីខាងលើក្បាលខ្ញុំ​ ពេលខ្ញុំបានក្រឡេកទៅ ឃើញភ្នែកមួយគូនោះកំពុងតែពីលើ ក្រហមលាយឈាម ស្រក់មកតក់ៗលើក្បាលខ្ញុំ ខ្ញុំក៏ស្រែកឡើងភ្លាត់សម្លេង ស្រាប់តែមានសក់យ៉ាងធំគ្របមុខខ្ញុំជិតឈឹង ខ្ញុំមិនដឹងយ៉ាងម៉េចក៏សន្លប់បាត់ទៅ។ ពេលដឹងខ្លួនឃើញថាខ្លួនឯងកំពុងឲ្យបបង្វេចដេកនៅក្រោម​ដើមស្វាយតាមផ្លូវទៅវិញ ខ្ញុំឆ្ងល់ណាស់ ប៉ុន្ដែមិនដឹងធ្វើយ៉ាងម៉េច ក៏បន្ដដើរ ឃើញមានផ្ទះសំណាក់ក្បែរនោះ ម្ចាស់ផ្ទះសំណាក់ បានងើបមកសួរខ្ញុំ ថាខ្ញុំមកពីណា បានជាមកដេកនៅតាមផ្លូវបែបនេះ ខ្ញុំក៏រៀបរាប់ប្រាប់គាត់ គាត់ថាដោយសារផ្ទះសំណាក់នោះពិតជាមានមែន តែត្រូវម្ចាស់ទុកចោលដោយសារជាប់ជំពាក់បំណុលច្រើនពេក ម្ចាស់រត់ចោល ហើយមានកម្មករ​បានស្លាប់នៅទីនោះ សូម្បីតែផ្ទះសំណាក់របស់ខ្ញុំក៏មិនសូវមានភ្ញៀវ ដោយសារតែនៅក្បែរគ្នា ដែរ ប៉ុន្ដែផ្ទះរបស់ខ្ញុំមិនអីទេ អូនអាចសម្រាកបាន ខ្ញុំក៏បានចូលទៅសម្រាកនៅផ្ទះសំណាក់ថ្មីនោះ រហូតដល់ភ្លឺ ហើយក៏បានចូលរួមវគ្គបណ្ដុះបណ្ដាលពេញមួយសប្ដាហ៍ និងបាន​ត្រលប់មកវិញដោយសុខសាន្ដ។

តេឡេក្រាម  ប្លក់  ហ្វេសប៊ុកផេក

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)