រឿងនិទានខ្មោចពិត

· 2023-12-27

រឿង ខ្មោចក្រឡាប់ឡាន

#រឿងនិទាន និងប្រលោមលោក# #កម្សាន្ត# #រឿងខ្មោច#

7968

ខ្ញុំគឺជានិស្សិតកំពុងបន្ដ​ការ​សិក្សានៅខេត្ត​កំពង់ធំ ខ្ញុំតែងើបពី​ព្រឹកថ្ងៃសៅរ៍​ទៅ ។ ខណៈ​ពេលដែលខ្ញុំបានកំពុង​ជិះ​ម៉ូតូ តាមផ្លូវ ស្រាប់តែជួប​ហេតុការណ៍​ដ៏រន្ធត់មួយ​គឺ មានឡា​នដឹក​ថ្ម​ធំៗ បានវ៉ាជែងគ្នា ហើយក៏ក្រឡាប់​តែម្ដង​ ខ្ញុំបានឈប់​មើលបន្ដិច​ដែល ព្រោះមាន​សមត្ថកិច្ច​ចុះ មកដល់​ទី​តាំង​ហើយ រថយន្ដ​សាមុយ​ក៏មកដល់​ដែរ ខ្ញុំក៏បន្ដ​ដំណើរ​ទៅ​ខេត្ត​កំពង់ធំ​ទៀត ។ ខ្ញុំបានត្រលប់​មកវិញ​នៅ​រសៀលម៉ោង​៣ជាង​ទៅហើយ លុះមក​ដល់​ទីតាំង​ក្រឡាប់ឡាននោះ ម៉ោង​ជិត​៧ជាងហើយ ព្រោះ​ទម្លាប់ខ្ញុំគឺតែង​តែជិះ​យឺតៗ ពេល​ត្រឡប់មកវិញ ព្រោះ យល់​ថាលឿនឬឆាប់​ គង់តែ​នឹង​ដល់ផ្ទះដដែលទេ​។ ពេលខ្ញុំមកដល់​ចំណុចក្រឡាប់ឡាននោះ ស្រាប់តែឃើញមនុស្សម្នាក់​កំពុង​តែអង្គុយត្របោមក្បាលជង្គង់លើ​ថ្ម ទាំងទឹកមុខប្រឡាក់​ដោយ​​ឈាម ខ្លួនសុទ្ធតែកំទេចសៗរបស់ថ្ម ខ្ញុំប្រុងថានឹងជិះហួសហើយ ព្រោះជាធម្មតា​ពេលខ្លះ ស្ថានភាពមិន​ល្អ អាច​នាំរឿងមិនល្អដល់ខ្លួនឯង ម្យ៉ាងខ្លួន​ខ្ញុំតែមួយផង ប៉ុន្ដែ​ឃើញគាត់បក់ដៃ ចិត្តមិនដាច់សោះ ក៏ឈប់​ម៉ូតូសួរនាំ​គាត់៖

-       បងប្រុសៗ ! បងប្រុសកើតអី​បាន​ជាមានឈាមច្រើនពេញខ្លួនទៅហើយ (ខ្ញុំមិនគិត​ច្រើន បាន​រូតកាតាប​យកកូនកន្សែងមកជួយជូតឈាមឲ្យគាត់)

-      ខ្ញុំក្រឡាប់ឡានម្សិលមិញ (ខ្ញុំគ្រាន់តែឮភ្លាមៗ ចប់តិច​ខ្មោចលងទៅ) ខ្ញុំខ្ទាតទៅក្នុងព្រៃសន្លប់​ បែបគេ​រក​ខ្ញុំ​មិនឃើញ​ទេ​ដឹង ព្រោះពេលដឹងខ្លួន ឃើញគេស្ទូចឡាន និង​យក​មនុស្សទៅអស់បាត់ហើយ​។

-      បានន័យថា បងមិនទាន់អីទេន៎(ខ្ញុំសួរបញ្ជាក់) អ៊ីចឹងបងចាំខ្ញុំបន្ដិច ខ្ញុំតេរកឡានពេទ្យឲ្យ​

-      បាទ អរគុណ!

ខ្ញុំបានទាញទូរស័ព្ទ​រកលេខមណ្ឌលសុខភាពដែលជិតនោះ ខ្ញុំស្គាល់តែប្រធានមណ្ឌល​ រួចចុចទូរស័ព្ទប្រាប់គាត់​ ថាមានជនរងគ្រោះ​ក្រឡាប់ឡាន ពេលនេះរបួសខ្លាំងណាស់​ ។ ក្រោយខ្ញុំ​ទូរស័ព្ទរួច ខ្ញុំក៏បន្ដសួរ​នាំពី ស្ថានភាពបងប្រុសនោះបន្ថែម គាត់បាន​ប្រាប់​ថាគាត់​ឈ្មោះ វីន គាត់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន ថ្ងៃគ្រោះ​ថ្នាក់​គាត់​ដឹក​ថ្ម​ទៅ​ការដ្ឋាន​​ ប៉ុន្ដែ​គាត់​បាន​វ៉ាជែង ឡានមួយទៀត តែចៃដន្យ​អី​កង់ឡានខាងមុខ​គាត់​បាន​បែក​ ទើ​បរេចង្កូត​ទៅ​ក្រឡាប់​ក្បែរ​ស្នាមភ្លោះ។ សម្លេងឡានសាមុយ បាន​មកដល់​ក្រុម​គ្រូ​ពេទ្យ​បាន​ស្ទុះស្ទា​ក្នុងការ​ចុះមក​លើក​បងវីន​ ដាក់ក្នុង​ឡាន​យកទៅ​សង្គ្រោះ​ ខ្ញុំក៏ជិះម៉ូតូ​តាមក្រោយ​ ។ ពេលខ្ញុំជិះម៉ូតូ បាន​បនិ្ដច​ស្រាប់តែឃើញបង​វីន កំពុង​តែឈរកណ្ដាល​ផ្លូវ​ទៅ​វិញ ឯឡានសាមុយ ក៏មិនមាន​ឃើញ​ដែរ ខ្ញុំដឹងច្បាស់ណាស់ថា ប្រាកដជា​ខ្មោចលង ព្រោះគាត់​ទើបតែឡើងជិះឡានសោះ បែរជាមកឈរមកកណ្ដាលអីណា ខ្ញុំក៏​គិត​បណ្ដើរ​ថាគួរធ្វើយ៉ាងម៉េច បើមកឈាមហូរកាន់តែច្រើន មើលមុខគាត់សឹងលែងស្គាល់​ ខ្ញុំក៏គិតថា អ៊ីចឹងមានតែជិះម៉ូតូ​បុកតែម្ដងទៅ ព្រោះគាត់ជាខ្មោចស្រាប់មិនមានអី​ប៉ៈពាល់ទេ ។ មានឯណា គ្រាន់តែជិះបុកគាត់ភ្លាម ខ្ញុំដួលម៉ូតូព្រូស ចុម! ស្មានថាមិនអីតើ! ខ្ញុំរបួសស្រាលទេ ខ្ញុំទាល់តម្រិះក៏សួរគាត់​តែម្ដងទៅ ៖

-      ឥលូវបងចង់បានអី ខ្ញុំមិនធ្លាប់នឹងស្គាល់បង អ៊ីចឹងមិនដឹងថាឲ្យអីបងទេ!

-      ខ្ញុំឃ្លា....ន.....ណា.....ស់ (សម្លេងគាត់ខ្សាវៗ បូកផ្សំនឹងមេឃងងឹត ខ្យល់ត្រជាក់​ រោមខ្ញុំបះអស់ហើយ ទោះចិត្តថាមិនខ្លាច នៅតែញញើតខ្លះដែរ)

-      យប់ថ្មើរនេះហើយ ឲ្យខ្ញុំទៅរកអី ! ឥលូវបើបងមិនប្រកាន់ទេ ខ្ញុំ​មាននំកញ្ចប់ខ្លះ និងបាកាស ខ្ញុំមិនទាន់​បាន​ហូប​ទេ បងហូបកើតអត់?

-      ហូ...ប

ខ្ញុំក៏ហុចឲ្យគាត់ តែគាត់ចាប់អត់បានទេ ខ្ញុំក៏នឹកឃើញ បកម៉ូតូទៅកន្លែងគាត់ក្រឡាប់​វិញ ហើយទាញនំ និងបាកាសដាក់លើថ្ម ប៉ុន្ដែមិនមានធូបដុតទេ ក៏ឧបកិច្ច ថា៖ ដោយអំណាចព្រះគុណរតនត្រ័យ ខ្ញុំសូមបង្សុកូលឧទ្ទិសនៅភត្តនេះ ជូនដល់​ដួង​វិញ្ញាណដែលលោកបាន​ជួបគ្រោះថ្នាក់​នៅទីនេះ សូមឲ្យលោក​បាន​សេពសោយ​ផងចុះ​ សាធុ សាធុ សាធុ។

ខ្ញុំក៏បានឃើញគាត់ហូបនំ និងផឹកបាកាសនោះ បានប៉ុន្ដែគាត់នៅតែមិនព្រមចាកចេញ​ពីខ្ញុំ ខ្ញុំក៏បានប្រាប់​ថា ចាំខ្ញុំត្រឡប់ទៅផ្ទះវិញ ខ្ញុំនឹងទៅ​ធ្វើបុណ្យនៅវត្ត ហើយនិង​ឧទ្ទិសមគ្គផលជូនបង សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ។ គាត់បានបាត់ភ្លាមៗ ខ្ញុំនៅតែបន្ដខ្លាច ព្រោះស្រស់ៗពេក ខ្ញុំបានបន្ដធ្វើដំណើរមកផ្ទះវិញ មកដល់ផ្ទះម៉ោងជិត១០យប់ ។

ខ្ញុំបានប្រាប់គ្រប់យ៉ាងទៅគ្រួសារ ទើបព្រឹកឡើង ខ្ញុំបាននាំចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ ដើម្បីបង្សុកូល និងឧទ្ទិសកុសលជូនគាត់ នឹងបានសុំឲ្យព្រះសង្ឃចុះទៅប្រោះព្រំ កន្លែងកើតហេតុផង ប៉ុន្ដែទោះជាយ៉ាងណា បច្ចុប្បន្នវិញ្ញាណរបស់គាត់​មិនបាន​ទៅណាទេ ព្រោះខ្ញុំឮថាទាល់តែមានអ្នកជំនួស ទើបគាត់អាចទៅចាប់ជាតិបាន ព្រោះខ្ញុំតែងតែឃើញគាត់ឈរនៅផ្លូវនោះ រាល់ពេលខ្ញុំជិះកាត់ដដែល។

Telegram  Blogger  FacebookPage

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)