
TNAOT News
· 06-10
រយៈពេល៨ថ្ងៃ ក្នុងខែមិថុនានេះ សមត្ថកិច្ចបានបង្រ្កាបក្រុមក្មេងទំនើងបានជាង៤០នាក់
#NEW NEWS# #ទូច សុឃៈ# #សង្គម# #ព័ត៌មានសង្គម# #ក្មេងទំនើង#
3417
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានឲ្យដឹងថានាដើមសប្តាហ៍ទី១ ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៤០នាក់ទៀតទៅពន្ធនាគារ។
លទ្ធផលនៃការបង្ក្រាបក្មេងទំនើងដូចបានបញ្ជាក់មុននេះ គឺជាការបង្ហាញច្បាស់ថាបញ្ហានេះនៅតែជាកិច្ចការអាទិភាពមួយ ដែលកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយឱ្យបានសកម្ម ប្រកបដោយប្រសិទ្ធភាព និងម៉ឺងម៉ាត់បំផុត។
លោកបញ្ជាក់ថា បញ្ហានេះក៏មិនអាចដាក់បន្ទុក តែលើកម្លាំងមានសមត្ថកិច្ច ឬអាជ្ញាធរនោះដែរ ពោលគឺអាណាព្យាបាល ឪពុកម្ដាយ ត្រូវតែបន្តយកចិត្តទុកដាក់អប់រំ ព្រានប្រដៅ កូនចៅរបស់ខ្លួន ឱ្យដើរតាមគន្លងធម៌ ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ក្នុងនោះរួមទាំងការចៀសឆ្ងាយពីគ្រឿងញៀន និងការដើរលេងជាក្រុម ជាបក្សជាពួកនៅពេលយប់។
សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានជាង៤០នាក់ ក្នុងរយៈពេល៨ថ្ងៃនាដើមសប្តាហ៍ថ្មីនេះ គឺមាននៅក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ក្រចេះ ត្បូងឃ្មុំ ស្វាយរៀង កោះកុង និងខេត្តតាកែវ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានផ្ដាំដោយព្រមានចំៗទៅកាន់ក្រុមក្មេងទំនើង ដែលបាននឹងកំពុងដើរលើផ្លូវមួយនេះ ត្រូវស្វ័យកែប្រែឥរិយាបថ បើមិនចង់ទទួលនូវការអនុវត្តច្បាប់ និងគោលការណ៍ផ្សេងៗពីកម្លាំងមានសមត្ថកិច្ច ពោលគឺ"បើមិនកែ មានតែគុក បើចង់សុខគឺធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ"៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)